សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន…..
សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ S.A TVHD Live 24h និងបណ្តាញសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយមានចំណងជើងថា៖ ព័ត៌មានវគ្គ(២) អង្គភាពជាច្រើនសូមអរគុណដល់សមត្ថកិច្ចបានអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ លើអ្នកសារព័ត៌មានពីរនាក់ ប៉ុន្តែអ្នកសូកប៉ាន់ ជាម្ចាស់បនល្បែង ក្រុងសំពៅពូន រួចផុតពីលេខ៨ អាល័យស្នេហ៍ដែរឬទេ?។
ស្នងការដ្ឋាននគរបាលខេត្ត សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មានឱ្យបានជ្រាបអំពីចំណាត់ការការអនុវត្តច្បាប់ គឺ៖
១-ការអនុវត្តច្បាប់ចំពោះបុគ្គលទាំងពីរនាក់នេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធការចុះផ្សាយគំរាមកំហែងហែកកេរ្តិ៍ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
២-ការចោទប្រកាន់ថា អាជ្ញាធរបើកបេះដូងទូលាយឱ្យលេងល្បែងស៊ីសងខុសច្បាប់ គឺមិនពិតនោះទេ ដោយសមត្ថកិច្ចយេីងក៏បានចុះត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ ហេីយរកឃេីញថា ចំពោះទីតាំងកាស៊ីណូ ហ្រ្គេន ដ្រាហ្គន រីសត (GRAND DRAGON RESORT) ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល នោះ មានអាជ្ញាបណ្ណកាស៊ីណូ អនុញ្ញាតឱ្យធ្វេីអាជីវកម្មស្របច្បាប់ ចេញដោយគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
-ផ្អែកតាមលិខិតលេខ ២៦៦០/២២ អ.គ.ល.ក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋាន នៃគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុន ដាយ ឡុង ខូ អិលធីឌី ផ្លាស់ប្តូរឈ្មោះ នាមករណ៍កាស៊ីណូ ដាយ ឡុង (DAI LONG) មកជា ហ្រ្គេន ដ្រាហ្គន រីសត (GRAND DRAGON RESORT)។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបជាព័ត៌មានតាមការគួរ ៕