ផ្ទុះកំប៉ុងហ្គាសស..ម្លាប់ ក្មេ..ងស្រី២នាក់ នៅក្នុងភ្នក់ភ្លើង ពេលកំពុងគេងលង់លក់ ស្ថិតក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឪពុកសំពះសុំជួយមឈូសដាក់សព មិនមានលទ្ធភាពក្នុងការធ្វើបុណ្យកូនស្រីទាំងពីរ
កំពង់ស្ពឺ៖ កាលពីវេលាម៉ោង២ និង៤០នាទីទាបភ្លឺឈានចូលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ ក្មេងស្រីពីរនាក់បងប្អូនបង្កើតបានស្លាប់ភ្លាមៗនៅក្នុងភ្នក់ភ្លើង គ្រាដែលមានអគ្គិសភ័យឆាបឆេះផ្ទះដោយសារតែផ្ទុះកំប៉ុងហ្គាស ស្ថិតក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្មេងស្រីដែលស្លាប់ក្នុងភ្នក់ភ្លើងទាំងពីរនាក់បងប្អូនមាន១-ឈ្មោះ ខា ដានី អាយុ៨ឆ្នាំ និង២-ឈ្មោះ ខា ឌីណា អាយុ៥ឆ្នាំ។ ក្មេងស្រីទាំងពីរជាកូនក្នុងគ្រួសារអ្នករើសអេតចាយលក់ មានបងប្អូន៥នាក់។
យោងតាមសម្តីឈ្មោះ សឿន ខា ភេទប្រុសអាយុ៤៩ឆ្នាំ ត្រូវជាឪពុកបានរៀបរាប់ទាំងទឹកភ្នែកថា លោកមានកូន៥នាក់ ក្នុងបន្ទុក ហើយមានមុខរបរជាអ្នករើសអេតចាយ។ លោកតែងនាំកូនតូចៗទៅគ្រប់ទីកន្លែងដើម្បីរើសអេតចាយយកមកលក់ផ្គត់ផ្គង់គ្រួសារ។
នៅយប់កើតហេតុគឺកំប៉ុងហ្គាសបានផ្ទុះ ហើយបានបង្កជាអគ្គិសភ័យឆាបឆេះផ្ទះតែម្តង។ ភ្លាមនោះលោកក៏បានលើកនិងជញ្ជូនកូនៗកំពុងគេងលក់នោះចេញមកក្រៅ តែអកុសលលោកជញ្ជូនកូនចេញមកក្រៅបានតែកូនបីនាក់ប៉ុណ្ណោះ ចំណែកកូនពីរនាក់ទៀតដែលកំពុងគេងលង់លក់ក៏ត្រូវជញ្ជាំងដែលកំពុងឆាបឆេះដួលគ្របទៅលើបណ្តាលឱ្យពួកគេទាំងពីរត្រូវបានអគ្គិសភ័យឆាបឆេះនិងឆក់យកជីវិតដោយក្តីរន្ធត់បំផុត។
ដោយសារតែជីវភាពខ្វះខាត និងស្របពេលតែផ្ទះសម្បែងត្រូវបានឆាបឆេះអស់ មិនមានលទ្ធភាពក្នុងការធ្វើបុណ្យកូនស្រីទាំងពីរលោក សឿន ខា បានទទូចសុំដល់អាជ្ញាធរនិងសប្បុរសជនជួយឧបត្ថម្ភនូវមឈូសចំនួន២ ដើម្បីដាក់សពកូននិងជួយធ្វើបុណ្យកូនស្រីទាំងពីររបស់លោកផង។
ហេតុការអគ្គីភ័យឆាបឆេះផ្ទះនេះ សមត្ថកិច្ចបានចេញជួយអន្តរាគមន៍បន្ទាន់ផងដែរ ដោយក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្នងការមួយគ្រឿងនឹងរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកសំរោងទងមួយគ្រឿងដើម្បីបាញ់ពន្លត់ តែអកុសលមិនអាចសង្គ្រោះអាយុក្មេងស្រីទាំងពីរចេញពីគ្រោះអគ្គិសភ័យនោះបាន៕