មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ សន្និសីទកំពូល COP29 បានបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋភាគីក្នុងពិភពលោកចូលរួមកាត់បន្ថយការការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) និងវិនិយោគក្នុងគម្រោង ដែលធន់នឹងអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សន្និសីទកំពូលបណ្តាភាគីលើកទី២៩ (COP29) អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ បានបង្ហាញពីការតាំងចិត្តរបស់ពិភពលោក ចូលរួមកាត់បន្ថយការការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) និងវិនិយោគក្នុងគម្រោង ដែលធន់នឹងអាកាសធាតុ។

នៅក្រោយពេលបិទបញ្ចប់សន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានរំលឹកថា សន្និសីទកំពូល COP29 បានឯកភាពបង្កើនការផ្តល់ហិរញ្ញវត្ថុសាធារណៈបីដង ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ធៀបនឹងគោលដៅដែលបានកំណត់ពីមុន ១០០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ឱ្យបានដល់ ៣០០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០៣៥។ អង្គសន្និសីទ បានឯកភាពធានាឱ្យបាននូវកិច្ចខិតខំប្រឹងប្រែង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើការរួមគ្នា ដើម្បីពង្រីកហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ រហូតដល់ចំនួន ១,៣ ទ្រីលានដុល្លារ ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣៥។ លើសពីនេះ សន្និសីទ បានអនុម័តលើសេចក្តីសម្រេចសម្រាប់ទីផ្សារកាបូនពិភពលោក ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ ក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្មឥណទានកាបូន និងលើកទឹកចិត្តដល់ប្រទេសទាំងអស់ ចូលរួមកាត់បន្ថយការការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) និងវិនិយោគក្នុងគម្រោងដែលធន់នឹងអាកាសធាតុ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ក្នុងសន្និសីទCOP29 រដ្ឋាភិបាលប្រទេសស៊ុយអែត បានប្រកាសប្តេជ្ញាចិត្ត ផ្តល់ហិរញ្ញវត្ថុជាទឹកប្រាក់ចំនួន ៧៧០ លានដុល្លារអាម៉េរិក តាមរយៈយន្តការមូលនិធិអាកាសធាតុ រួមមាន GCF, Loss and Damage Fund, Adaptation Fund, LDC Fund, Early Warning System for All និង NDC Partnership សម្រាប់ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ នៃប្រទេសកំពុងអភិវឌ្ឍន៍។ ជាមួយគ្នានេះ សន្និសីទ បានសម្រេចដាក់ឱ្យប្រតិបត្តិការពេញលេញនូវមូលនិធិការបាត់បង់ និងខូចខាត (Loss and Damage Fund) ដែលបានឯកភាពគ្នានៅសន្និសីទបណ្តាភាគីលើកទី២៧ នៅប្រទេសអេហ្ស៊ីប ដែលមានទឹកប្រាក់ប្រមាណ ៧៣០លានដុល្លារ សម្រាប់ប្រទេស ដែលងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលថវិកានេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៥។
សូមបញ្ចាក់ថា សន្និសីទកំពូលបណ្តាភាគីលើកទី២៩ (COP29) បានដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៤នៅទីក្រុងបាគូ សាធារណៈរដ្ឋអាស៊ែបៃហ្សង់។ សន្និសីទកំពូលCOP29 នេះ គណៈប្រតិភូកម្ពុជា ចំនួន ៦៥រូប មកពីក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ជាមួយប្រតិភូនៃប្រទេសសមាជិកបណ្តាភាគី ចំនួន១៩៥ និងមានអ្នកចូលរួមសរុបប្រមាណជាង ៦៦ ៧៧៨នាក់។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងដែរថា កម្ពុជាទទួលបានលទ្ធផលជោគជ័យក្នុងការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងទទួលបានការគាំទ្រ ពីសន្និសីទកំពូលបណ្តាភាគីលើកទី២៩ (COP29) ជាពិសេសប្រទេសកម្ពុជាបានប្រកាសជំហររបស់ខ្លួន ដោយបានបង្ហាញពីការព្រួយបារម្ភពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ការអំពាវនាវឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ការកៀរគរថវិកាឱ្យបាន ១០០ពាន់លានដុល្លាអាមេរិកពីប្រទេសអភិវឌ្ឍន៍ ជំរុញឱ្យមានការទទួលបាននូវហិរញ្ញប្បទានបៃតង ភាពចាំបាច់ដើម្បីពង្រឹងការគាំទ្រ ដល់ចក្ខុវិស័យអាស៊ានសម្រាប់ សកម្មភាពអាកាសធាតុឆ្ពោះទៅឆ្នាំ២០៥០ ដែលត្រូវបានរំពឹងទុក ទាំងការបន្ស៊ាំ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយពិចារណាផងដែរទាំងបរិបទអភិវឌ្ឍន៍របស់អាស៊ាន និងគោលដៅរយៈពេលវែង នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ រួមទាំងសារៈសំខាន់នៃសមធម៌យេនឌ័រ ការចូលរួមរបស់យុវជន និងវិស័យឯកជន ក្រុមងាយរងគ្រោះ និងសហគមន៍មូលដ្ឋានក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។ លើសពីនេះ កម្ពុជាបានអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ ឱ្យបង្កើនការសន្យាផ្តល់ហិរញ្ញវត្ថុឱ្យបានច្រើនជាង ១០០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងត្រូវមាននិតិវិធីងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង