អ្នកស្លា..ប់កើនដល់ ៥នាក់ និងរបួសជាង ២០០នាក់ ករណីរថយន្តបេីកបំបុកចូលផ្សារ Christmas នៅអាល្លឺម៉ង់
(បែរឡាំង)៖ ក្រុមមន្ត្រីបានឱ្យដឹងថា មកទល់នឹងពេលនេះករណីរថយន្តបេីកបំបុកចូលផ្សារ Christmas មួយក្នុងទីក្រុង Magdeburg របស់អាល្លឺម៉ង់ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ ហេីយជាង ២០០រងរបួស ខណៈដែលបុរសជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ត្រូវចាប់ខ្លួន ដោយសង្ស័យថាបានបើករថយន្តសំដៅទៅក្នុងហ្វូងមនុស្ស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ ២០២៤។
អធិការបតី លោក Olaf Scholz បាននិយាយនៅកណ្តាលទីក្រុង ដែលជាផ្នែកមួយនៃអតីតប្រទេសអាល្លឺម៉ង់ខាងកើត និងជាទីដែលលោកបានដាក់ផ្កាកុលាបពណ៌ស ដេីម្បីបូជាចំពោះជនរងគ្រោះដូច្នេះថា «នេះពិតជាទង្វើដ៏អាក្រក់ ធ្វើឱ្យរបួស និងសម្លាប់មនុស្សជាច្រើន។ មនុស្សជាង ២០០នាក់បានរងរបួស ហើយប្រហែល ៤០នាក់របួសធ្ងន់ដែលគួរឱ្យព្រួយបារម្ភជាខ្លាំង»។
ពេលនេះ អាជ្ញាធរអាល្លឺម៉ង់កំពុងស៊េីបអង្កេតលេីជនសង្ស័យជាវេជ្ជបណ្ឌិតជនជាតិអារ៉ាប៊ីសាអូឌីត អាយុ ៥០ឆ្នាំដែលរស់នៅអាល្លឺម៉ង់អស់រយៈពេលជិត ២០ឆ្នាំមកហេីយ ពាក់ព័ន្ធនឹងការបើករថយន្តចូលផ្សារបែបនេះ។ ប៉ូលិសបានឆែកឆេរផ្ទះរបស់គាត់ពេញមួយយប់។ មូលហេតុនៅមិនទាន់ច្បាស់ទេហើយសមត្ថកិច្ចក៏មិនបញ្ចេញឈ្មោះជនសង្ស័យនោះដែរ តែបេីតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បុរសរូបនោះ Taleb A។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលេីនេះ កេីតឡេីងកាលពីយប់ថ្ងៃសុក្រ អំឡុងពេលដែលមនុស្សម្នាប្រមូលផ្តុំគ្នានៅឯផ្សារដើម្បីអបអររដូវកាលមុនបុណ្យណូអែល។ វាក៏បានកើតឡើងចំពេលមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងអំពីសន្តិសុខ និងការធ្វើចំណាកស្រុកក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនៅអាល្លឺម៉ង់៕