ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ ព្រោះប្រទេសជាតិត្រូវការធនធានមនុស្សដែលប្រកបទៅដោយសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងប្រកបដោយគុណធម៌ សីលធម៌ និងសុខភាពមាំមួន

ដូច្នេះការដែលសាលា AET អន្តរជាតិ បានចូលរួមធ្វើការបណ្តុះបណ្តាលចំណេះដឹងដល់សិស្សានុសិស្សតូច រហូតដល់សិស្សធំ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការវិនិយោគលើវិស័យអប់រំ ដែលជាគោលដៅអាទិភាពក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សជ័យលាភីនៃសាលា អេ អ៊ី ធី អន្តរជាតិ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅអគារ សាលាជាតិគយ មហាវិថី វិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ដោយរាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានាឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តំលៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូបមាន ៣ រួមមាន“ សុខភាព ចំណេះដឹង និងសីលធម៌ សម្រាប់ការរស់នៅក្នុងសង្គម “ ហើយការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹងគឺដើម្បីបង្កើនតំលៃនៃខ្លួនយើង និងមានអនាគតល្អ ហើយការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ចដែលត្រូវបំពេញ ព្រោះការសិក្សាគឺជាផ្នែកមួយនៃជីវិត ។
តាមរយៈនេះ ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់អាណាព្យាបាល ឳពុក ម្តាយ របស់សិស្សានុសិស្សទាំងអស់ជម្រុញអោយកូនៗបានទៅសិក្សារៀនសូត្រ បើសិនជាអោយកូន ចៅបោះបង់ការសិក្សា នឹងជួបការលំបាករយៈពេលយូរ តែបើសុខចិត្តទ្រាំលំបាករយៈពេលខ្លីក្នុងការសិក្សារៀនសូត្រនឹងទទួលបានចំណេះ ដឹងជ្រៅជ្រះ គឺអាចផ្លាស់ប្តូរវាសនារបស់ខ្លួនឯងបានល្អ ជួយដល់គ្រួសារ និងសង្គមជាតិ ។ ឯកឧត្តម រដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ កុំប្រើប្រាស់ពេលវេលាច្រើនដើរលេង មើលទូរសព្ទ័ ត្រូវប្រើប្រាស់ពេលវាលាច្រើនក្នុងការអានសៀវភៅ និងសិក្សារៀនសូត្រ ហើយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ។
ឯកឧត្តម គុយ ម៉េង អគ្គនាយកសាលា AET អន្តរជាតិ បានជម្រាបជូនពីប្រវត្តិសង្ខេបនៃសាលានេះ ត្រូវបានបង្កើតឡើងនៅថ្ងែទី២០ ខែសីហា ឆ្នាំ ២០០០ ដែលមានឈ្មោះដើមជា មជ្ឍមណ្ឌល KIC (Khmer International Centre) ដោយមានការគាំទ្រពីសំណាក់មាតា បិតាសិស្សនិងការជឿទុកចិត្តលើសេវាកម្មក៏ដូចជាគុណភាពអប់រំ នៅឆ្នាំ២០០៣ KIC បានប្រែក្លាយទៅជាវិទ្យាស្ថាន អេអ៊ីធី (AMERICAN ENGLISH INSTITUTE ) ហើយនៅកាលនោះ អេ.អ៊ី.ធី បានជ្រកក្រោមការជួលអាគារសិក្សារបស់គេ។ ដោយឈរលើគុណភាព និងការប្រកាន់ខ្ជាប់នៅ វិន័យ និងចក្ខុវិស័យវែងឆ្ងាយជាមួយគោលដៅច្បាស់លាស់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១០ អេ.អ៊ី.ធី បានមានលទ្ធភាពទិញអាគារផ្ទាល់ខ្លួន។ ដោយសារចំនួនសិស្សមានការកើនឡើងជាលំដាប់ពីរមួយឆ្នាំទៅមួយឆ្នាំ រហូត ៣ ៤១១នាក់ និងមានការសំណូមពរពីមាតាបិតាសិស្ស នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ អេ.អ៊ី.ធី បានពង្រីកសាខាថ្មីបន្ថែមមួយទៀត។ ជាគម្រោងបន្ទាប់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ អេ.អ៊ី.ធី នឹងធ្វើពិធីបញ្ចុះបឋមសិលាសាងសង់សាលាថ្មីមួយទៀតដើម្បីបំពេញទិសដៅឲ្យស្របទៅតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចមហាបរវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវវិស័យអប់រំជាវិស័យអទិភាពចម្បង។
សិស្សានុសិស្សដែលបានទទួលវិញ្ញាបនបត្រ និងលិខិតសរសើរនាឱកាសនេះ មានចំនួន ៤០៣នាក់ ៕ ដោយ Pros An

អត្ថបទដែលជាប់ទាក់ទង