តូបលក់ចាប់ហួយដ៏ធំមួយកន្លែង ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ គេអះអាងថា បណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនី

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ធ្នូ ឆ្នំា២០២៤នេះ តូបលក់ចាប់ហួយដ៏ធំមួយកន្លែងត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ដែលគេអះអាងថា បណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនី នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ដែលខាតបង់គិតជាទឹកប្រាក់ជាង៤០លានរៀល តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា តូបលក់ចាប់ហួយនោះជារបស់ឈ្មោះ ទឿប វិត ភេទប្រុស អាយុ៣៦ឆ្នាំ មានទំហំ៧ម៉x៩ម៉ ធ្វើពីដែកប្រក់ស័ង្កសី ។
របាយការណ៍ដដែលបានបញ្ជាក់ថា អីវ៉ាន់ចម្រុះនៅក្នុងតូបនោះត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង ម្ចាស់មិនអាចរំដោះបានអ្វីបន្តិចទេ ដោយសារគេមិនអាចចូលអន្តរាគមន៍ជួយពន្លត់ភ្លើងដ៏សន្ធោសន្ធៅនោះបាន រីឯរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចក៏មិនអាចចេញអន្តរាគមន៍ទាន់ពេលដែរ ។
ពាក់ព័ន្ធករណីអគ្គិភ័យនេះ បើតាមសម្រង់សម្ដីរបស់សមត្ថកិច្ច ដែលបានសាកសួរម្ចាស់តូបបានប្រាប់ថា អគ្គិភ័យនោះបានផ្ដើមចេញពីការ«ទុស្សេខ្សែចរន្តអគ្គីសនី» នៅក្នុងតូប ។
ម្ចាស់តូបបានប្រាប់សមត្ថកិច្ចថា ពេលនោះគេមិនអាចចូលទៅជួយរំដោះទំនិញនៅក្នុងតូបបានអ្វីបន្តិចទេ ព្រោះភ្លើងឆេះខ្លាំងពេក ។ ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា តុល្យការនៃការខាតបង់គិតជាទឹកប្រាក់អស់ប្រហែលជាង៤០លានរៀល ។
ដោយឡែក បើនិយាយពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកមោងឬស្សីវិញ បើតាមរបាយការណ៍មន្ត្រីជំនាញបានឲ្យដឹងថា ពេលនោះរថយន្តពន្លត់អគ្គិភ័យមិនអាចចូលជួយបាញ់ទឹកបានទេ ព្រោះស្ថានផ្លូវចូលទៅកាន់កន្លែងកើតហេតុមានសភាពតូចចង្អៀត ។
ហើយម្យ៉ាងទៀតការទទូលដំណឹងពីគ្រោះអគ្គិភ័យនេះមានការយឺតយាវ ទើបតូបលក់ដូរនោះត្រូវអគ្គិភ័យលេបយកអស់ទាំងស្រុង តែពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សទេ ៕

អត្ថបទដែលជាប់ទាក់ទង