រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះឆ្មក់ពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអារក្សត្នោត ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹងជូនមុន ក្នុងគោលបំណងពិនិត្យដោយផ្ទាល់អំពីប្រសិទ្ធភាព ស្ថានភាពការបម្រើសេវានាពេលយប់ ក៏ដូចជាឆ្លៀតចុះសុខទុក្ខ លើកទឹកចិត្តដល់មន្រ្តី បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព ដើម្បីចូលទៅស្វែងរកសេវាពិនិត្យសុខភាពនៅក្នុងមណ្ឌលសុខភាព។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កេតឃើញថា ប្រជាពលរដ្ឋមកទទួលសេវាច្រើនសមរម្យ និងស្រ្តីសម្រាលកូនមានចំនួនគួរសម ឥរិយាបថល្អ អនាម័យសមរម្យ ហេដ្ឋារចនាសម្ព័ន្ធល្អ បុគ្គលិក មន្រ្តីរាជការមានឆន្ទៈបំពេញការងារ ជាពិសេសប្រជាពលរដ្ឋមកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស នៅមណ្ឌលសុខភាព មានការកើនឡើងជាបន្តបន្ទាប់។
ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏ទទួលបានព័ត៌មានត្រឡប់ពីមន្រ្តីរាជការ បុគ្គលិកនៃមណ្ឌលសុខភាព សំដែងនូវការសប្បាយរីករាយ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលរៀបចំឡើងរៀងរាល់ថ្ងៃអង្គារ ដែលឃើញថាជាវគ្គដែលមានសារៈសំខាន់ ព្រមទាំងស្នើសុំឱ្យមានវគ្គបែបនេះជាបន្តទៀត។
ជាចុងក្រោយ ក្នុងឱកាសឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អញ្ជើញត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ដោយទឹកចិត្តគោរពស្រឡាញ់ ពីមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាព បានសំដែងការក្តីរំភើបចំពោះការលើកទឹកចិត្ត ការផ្តល់ភាពកក់ក្តៅ ពីថ្នាក់ដឹកនាំក្រសួង និងជូនពរ ឯកឧត្តមសាស្តាចារ្យរដ្ឋមន្រ្តី ធ្វើដំណើរត្រឡប់ប្រកបដោយសុខសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង