ជនឆបោកសកម្មក្រោមរូបភាពកម្ចីអនឡាញ ឈានដល់ពេលអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច, ធ្លាប់បោកប្រាស់មនុស្ស១១នាក់ លុយ២៥,០០០ដុល្លារ

(ភ្នំពេញ)៖ ជនសង្ស័យធ្វើសកម្មភាពឆបោកក្រោមរូបភាពកម្ចីអនឡាញឈានដល់ពេលអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យា។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ១រូប ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពទិញ-លក់ទំព័រគណនីហ្វេសប៊ុក និងកម្ចីប្រាក់អនឡាញ ផ្ទេរប្រាក់តាមគណនីធនាគារផ្សេងៗ។
ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាន បានចាប់ខ្លួនជនសង្ស័យចំនួន០១រូប ឈ្មោះ ប.ន ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ខេត្តកំពង់ចាម ជាអ្នកបង្កើតគណនីផ្សព្វផ្សាយកម្ចីប្រាក់ និងបង្កើតទំព័របណ្ដាញសង្គមលក់ ដែលបានធ្វើការឆបោកទៅលើជនរងគ្រោះចំនួន១១នាក់ ក្នុងទំហំទឹកប្រាក់ ២ម៉ឺន ៥ពាន់ដុល្លាសហរដ្ឋអាមេរិក។
តាមការស្រាវជ្រាវ និងសួរចម្លើយ ចំនួនជនរងគ្រោះ និងទំហំទឹកប្រាក់អាចមានចំនួនច្រើនជាងចំនួនខាងលើ។ ជនសង្ស័យបានប្រព្រឹត្តបទល្មើសឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គមតាំងពីអំឡុងឆ្នាំ២០២២មកម្ល៉េះ ដោយបង្កើតគណនីទំនាក់ទំនងសង្គមក្លែងក្លាយ ផ្សព្វផ្សាយពីការផ្តល់ប្រាក់កម្ចីតាមអនឡាញ និងការទិញ-លក់ទំពរ័គណនីហ្វេសប៊ុក ក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះដែលចង់ស្នើសុំប្រាក់កម្ចី ឬទិញទំព័រគណនីហ្វេសប៊ុកពីរូបគេ គេបានផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្ន ក្នុងការដាក់ស្នើសុំកម្ចីប្រាក់តាមប្រព័ន្ធអនឡាញ ពីស្ថាប័ននានាដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញទំនាក់ទំនងសង្គម និងការទិញ លក់ទំនិញនានាតាមប្រព័ន្ធអនឡាញ ពីគណនីហ្វេសប៊ុក ឬទំព័រហ្វេសប៊ុកដែលគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិទៀតផង៕

អត្ថបទដែលជាប់ទាក់ទង