ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ
នៅថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ២២ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនីរតីរាជធានីភ្នំពេញ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់របស់គម្រោងក្នុងខេត្តកំពង់ស្ពឺ ដែលគិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ ការងារសម្រេចបាន ៣២% នៃទំហំការងារសរុបគម្រោង។
ក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជំរុញឱ្យកុងស៊ុលតង់គម្រោង និងក្រុមហ៊ុនសាងសង់បង្កើនសកម្មភាពការងារសាងសង់នៅក្នុងរដូវប្រាំងនេះ ដើម្បីសម្រេចលទ្ធផលការងារតាមផែនការដូចមានចែងនៅក្នុងកិច្ចសន្យាសាងសង់។
ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងប្រជាកសិករនៅក្នុងតំបន់គម្រោង ដែលបានទទួលយក និងបានអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺស្តីពីការស្នើសុំផ្អាកការដាំដុះស្រូវប្រាំងនៅក្នុងតំបន់គម្រោងនៅក្នុងអំឡុងពេលនៃការជួសជុល និងការសាងសង់ឡើងវិញនៃគម្រោងនេះ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជម្រាបជូនដល់មន្ទីរពាក់ព័ន្ធចំណុះឱ្យខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងប្រជាកសិករ អំពីការយកចិត្តទុកដាក់របស់ក្រសួងក្នុងការផ្គត់ផ្គង់ទឹកតាមដងស្ទឹងព្រែកត្នោតសម្រាប់ប្រើប្រាស់តាមវិស័យនានា ក៏ដូចជាទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងរដូវប្រាំង៕