ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ

ភ្នំពេញ៖ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ សម្រាប់ពិធីបុណ្យណូអ៊ែល។ នេះជាលើកទី ៤ ក្នុងឆ្នាំ ២០២៤នេះ ដែលឯកឧត្តម ហ៊ុន ម៉ានី បានឆ្លៀតពីភាពមមាញឹកនៃការងារ ដើម្បីទៅជួបកុមារអង្គការផ្ទះបាយកុមារ។
វត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រៀបបានជាវត្តមានសមាជិកគ្រួសាររបស់កុមារនៅ ផ្ទះបាយកុមារ ភាពស្និទ្ធស្នាលបានបង្ហាញយ៉ាងច្បាស់ តាមរយៈស្នាមញញឹមរបស់កុមារ និងពាក្យសម្ដីពោលឡើង ដោយហៅ ឯកឧត្តម ហ៊ុន ម៉ានី ជាប៉ាចេញពីមាត់កុមារគ្រប់រូប។
ក្រោយទទួលបានការស្វាគមយ៉ាងកក់ក្ដៅបែបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានក្រើនរម្លឹកទៅកាន់កុមារគ្រប់រូបឱ្យប្រឹងប្រែងរៀនសូត្រជាចាំបាច់ និងចៀសឆ្ងាយពីសកម្មភាពណាមួយដែលសង្គមមិនទទួល។
ឯកឧត្តមលើកឡើងដែរថា ក្នុងនាម ឯកឧត្តម ជាប៉ា របស់កូនៗ គឺនឹងបន្តជួប និងគាំទ្រជួយរៀងរាល់ឆ្នាំ។ ជាក់ស្ដែងសម្រាប់ឱកាសជួបនាថ្ងៃនេះ ក៏មានសប្បុរសជនបានចូលរួមជួយជាថវិកា បានជាង ១ម៉ឺនដុល្លារ រួមទាំងអង្ករមួយចំនួនសម្រាប់ផ្ដល់ជូនអង្គការផ្ទះបាយកុមារ ក្នុងការផ្គត់ផ្គង់គាំទ្រជួយដល់កុមារជាច្រើនផងដែរ។
ជាធម្មតារៀងរាល់ឆ្នាំ ឯកឧត្តម ហ៊ុន ម៉ានី តែងចុះមកសួរសុខទុក្ខ និងនាំយកកាដូជូនកុមារនៅ អង្គការផ្ទះបាយកុមារ ២ដងក្នុង ១ឆ្នាំ គឺក្នុងឱកាសថ្ងៃសិទ្ធិកុមារ និងឱកាសបុណ្យណូអ៊ែល។ សម្រាប់ឆ្នាំ ២០២៤នេះវិញ ឯកឧត្តម បានអញ្ជើញមក អង្គការផ្ទះបាយកុមារចំនួន ៤លើក រួមមានឱកាសថ្ងៃ សិទ្ធិកុមារ ១មិថុនា ការអញ្ជើញផ្ដល់ការថតរូបជាមួយកុមារគ្រប់រូបទុកជាអនុស្សាវរីយ៍កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ការជួបជាមួយអាណាព្យាបាលកាលពីថ្ងៃទី ១២ ខែធ្នូ និងការជួបជាមួយកុមារក្នុងការផ្ដល់ជូនកាដូនាពេលនេះ។
អង្គការផ្ទះបាយកុមារគឺជាអង្គការមួយដែលផ្តល់អាហាររូបត្ថម្ភដល់កុមារ នាពេលព្រឹក និងពេលថ្ងៃត្រង់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅវ៍ដល់កុមារទូទៅដែលមិនមានអាហារគ្រប់គ្រាន់នៅឯផ្ទះ។ កុមារអាចមកទទួលអាហារនៅទីនេះដោយឥតគិតថ្លៃ។ អង្គការមួយនេះ ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០១១ ហើយបានបន្តបេសកកម្មការងាររបស់ខ្លួន មកដល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង