គ្រោះថ្នាក់ចរាចរណ៍ រថយន្ត Ford ឈប់ភ្លើងស្តុបកន្លែងចំណោតរួចច្រឡំជាន់ហ្គែរទៅមុខ ត្រូវរថយន្តMercedes បុកពីចំហៀងខ្ទាតទៅប៉ះបង្គោលភ្លេីងរងការខូចខាត

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឡេីងកាលពី រសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្តុបសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រថយន្តម៉ាក Ford Everest មួយគ្រឿងបានបេីកមកឈប់ភ្លើងស្តុបកន្លែងចំណោត តែច្រលំជាន់ហ្គែរជ្រុលឆ្លងផ្លូវក៏ត្រូវរថយន្តមួយគ្រឿងម៉ាក Mercedes GL 350 បេីកតាមផ្លូវត្រង់មកបុករថយន្ត Ford ធ្វេីឲ្យវិលប៉ះបង្គោលភ្លើងស្តុបរួចបន្តទៅបុករបងសាលាថែមទៀតបណ្តាលឱ្យរងការខូចខាត។

មុនកើតហេតុគេឃើញមានរថយន្តមួយគ្រឿង ម៉ាក Ford Everest ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BD-0366 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Mercedes GL 350 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-9440 បើកបរដោយជនបរទេសម្នាក់ក្នុងទិសដៅពីកើតទៅលិចជ្រុលទៅបុករថយន្ត Ford ចំផ្នែកខាងក្រោយ ចំហៀងខាងស្តាំ ធ្វើឱ្យរថយន្ត Ford វិលទៅប៉ះជាមួយបង្គោលភ្លើង និងបន្តទៅបុករបងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រងការខូចខាតយ៉ាងដំណំ ។

ប្រភពដដែលបានបន្តថា ដោយសារតៃកុងរថយន្ត Ford Everest ពេលឈប់ភ្លើងស្ទុបគាត់ច្រឡំជាន់ហ្គែរទៅមុខ ទេីបធ្វេីឱ្យរថយន្ត Mercedes GL350 បុកពីចំហៀងរងការខូចខាតដូច្នេះ។
ក្រោយពេលកើតហេតុ ភាគីរថយន្ត Ford Everest បានសងថ្លៃខូចខាតទៅលេីរថយន្ត Mercedes ដេីម្បីបញ្ចប់រឿង និងឱ្យចាកចេញពីកន្លែងកើតហេតុ ។ រីឯរថយន្ត Ford Everest ត្រូវបានសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយពេលក្រោយ ព្រោះរថយន្ត Ford នេះបានបង្កប៉ះពាល់ជាមួយសម្បត្តិរដ្ឋ ( បង្គោលភ្លើងស្តុប ) ៕

អត្ថបទដែលជាប់ទាក់ទង