សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា គឺជា ការវាស់ស្ទង់សមត្ថភាព ប៉ុន្តែមិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី បានមានប្រសាសន៍ថា គ្មានអ្នកណាម្នាក់ដែលជោគជ័យ ហើយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយគ្មានបុគ្គលណាម្នាក់ជោគជ័យអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។ ត្រង់ន័យនេះ ក្មួយសិស្សានុសិស្សទាំងអស់ក៏ដូច្នេះដែរ មិនដែលប្រឡងជាប់រហូតដល់ជាប់និទ្ទេសអេ ដោយគ្មានការខិតខំប្រឹងប្រែងរៀនសូត្រនោះទេ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានី-ខេត្ត ,ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ដែលបានផ្តល់រង្វាន់ដល់កូនក្មួយដែលបានប្រឡងជាប់និទ្ទេសអេ សម្រាប់ឆ្នាំ២០២៣ -២០២៤កន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឱ្យបាននូវផ្លូវត្រូវដើរ នឹងមានលទ្ធផលល្អនាពេលអនាគត ៕