សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ក្រសួងអប់រំគ្មានដាក់ភាសាវៀតណាម ចូលក្នុងកម្មវិធីសិក្សាឡើយ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានគម្រោងណាមួយដាក់ភាសាប្រទេសដទៃ ជាពិសេសគឺភាសាវៀតណាមតែម្តង ដាក់បញ្ចូលក្នុងកម្មវិធីសិក្សានោះឡើយ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ថ្លែងថា ប៉ុន្មានថ្ងៃមកនេះមានបុគ្គលមួយចំនួនតូច បានផ្សព្វផ្សាយបែបបំភ្លើសការពិតថា ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិ ដោយសម្តេចបានឆ្លើយតបថា ការផ្សព្វផ្សាយបែបនេះគឺជាការញុះញង់ និងមានចេតនាឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមក លើថ្នាក់ដឹកនាំ និងក្រសួងអប់រំ។
ជាមួយគ្នានេះសម្តេចធិបតីក៏បានអំពាវនាវដល់បណ្តាសាលាឯកជននានាទាំងអស់ឲ្យដាក់កម្មវិធីសិក្សាជាភាសាខ្មែរ ច្រើនជាងភាសាបរទេសផងដែរ ដើម្បីលើកកម្ពស់ដល់ភាសាជាតិ ហើយសម្តេចក៏បានណែនាំឲ្យក្រសួងអប់រំ យុវជន និង កីឡាបន្តកែទម្រងកម្មវិធីសិក្សាសម្រាប់ថ្នាក់មូលដ្ឋានដោយផ្តោតជាសំខាន់លើភាសាខ្មែរជាសំខាន់ផងដែរ៕