ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌាបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា

នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកជំទាវបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់របស់លោកជំទាវបណ្ឌិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។

សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើន មានជាអាទិ៍ ការផ្លាស់ប្តូរដំណេីរទស្សនកិច្ចថ្នាក់នាំគ្រប់កម្រិត វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខនិងការពារជាតិ ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ និងការភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ព្រមទាំងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង