សមត្ថកិច្ចចំណាយពេលប្រមាណ០៦ម៉ោង ដោយប្រើប្រាស់ឧបករណ៍បុកទម្លុះថ្មបេតុងប្រព័ន្ធលូ ទើបអាចក្របួចអូស.ក ជនស..ង្ស័យម្នាក់ចេញពីក្នុងលូ
ខេត្តបាត់ដំបង ៖ នៅ ថ្ងៃទី២៣ ធ្នូ ២០២៤ កម្លាំងសមត្ថកិច្ចបានចំណាយពេលប្រមាណ០៦ម៉ោងដោយប្រើប្រាស់ឧបករណ៍បុកទម្លុះថ្មបេតុងផ្នែកខាងលើប្រព័ន្ធលូផង ទើបអាចក្របួចអូស.កជនសង្ស័យម្នាក់ចេញពីក្នុងលូបាន ។ នេះបើតាមការផ្ដល់ព័ត៌មានបឋមរបស់សមត្ថកិច្ច ដែលតាមចាប់ខ្លួនជនសង្ស័យម្នាក់នេះ ក្រោយជននេះបានប្រព្រឹត្តអំពើចោរកម្មជាច្រើនករណីក្នុងក្រុងបាត់ដំបង ។ ជនម្នាក់នេះ ឈ្មោះ កូ ភេទប្រុស អាយុប្រហែលជិត៣០ឆ្នាំ រស់នៅបណ្ដោះអាសន្ននៅក្នុងស្ថានីយរថភ្លើង ។
ជននេះ ជាមុខសញ្ញា «លួចម៉ូតូនិងទូរស័ព្ទ» ហើយត្រូវបានកម្លាំងសមត្ថកិច្ចប្រទះឃើញ ក៏ហៅមកសួរនាំភ្លាមៗបណ្ដោះអាសន្ននៅក្នុងស្ថានីយរថភ្លើង ដែលស្ថិតក្នុងសង្កាត់ទូលតាឯក ក្រុងបាត់ដំបង ។ ប៉ុន្តែពេលកំពុងសួរនាំ ស្រាប់តែជននេះបានឆក់ឱកាសស្ទុះរត់ចេញពីក្នុងស្ថានីយរថភ្លើង (កន្លែងសួរនាំ) កាត់ក្នុងភូមិកាត់បឹងចូលក្នុងផ្ទះអ្នកភូមិ ហើយថែមទាំងរត់ឡើងដំបូលផ្ទះគេឯង ពីផ្ទះមួយទៅផ្ទះមួយ បង្កឲ្យមានការភ្ញាក់ផ្អើលពេញមូលដ្ឋាន ។
កម្លាំងសមត្ថកិច្ច ក៏ដូចប្រជាពលរដ្ឋ ដែលបានឃើញសកម្មភាពមុខសញ្ញា «ចោរកម្ម» នេះ បាននិយាយថា ជននេះបានរត់ឡើងលើដំបូលផ្ទះឆ្លងពីផ្ទះមួយទៅផ្ទះមួយ រួចបានហក់ចុះក្នុងបរិវេណភូមិគ្រឹះដ៏ធំមួយ រួចលូនចូលក្នុងលូដែលមានទំហំមុខកាត់០៨តឹក ដែលម្ចាស់ផ្ទះទើបធ្វើរួច ។ ជាមួយគ្នានោះ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការខេត្ត និងកម្លាំងនគរបាលក្រុងបាត់ដំបងបានឡោមព័ទ្ធ និង រិះរកគ្រប់វិធី ដើម្បីអូសកជនសង្ស័យម្នាក់នេះចេញពីក្នុងលូ ។
ជនសង្ស័យបានរត់ចូលក្នុងប្រព័ន្ធលូនៅក្នុងផ្ទះ ហើយមិនអាចហៅជនសង្ស័យឲ្យចេញបាន ទើបម្ចាស់ផ្ទះសម្រេចឲ្យក្រុមជាងសំំណង់ប្រើឧបករណ៍ (ម៉ូទ័របុកថ្ម) បុកទម្លុះបេតុងផ្នែកខាងលើ ហើយបុកទម្លុះចូលបំបែកលូ ដើម្បីចាប់ជនសង្ស័យតែមម្ដង ។ ប៉ុន្តែកិច្ចប្រតិបត្តិការណ៍នេះ ហាក់មិនងាយស្រូលដូចការគិតទេ ព្រោះជនសង្ស័យមិនព្រមលូនចេញឲ្យសមត្ថកិច្ចចាប់ខ្លួនឡើយ ។ ម្យ៉ាងប្រព័ន្ធលូមានប្រវែងប្រហែលជិត៣០ម៉ែត្រ ដូច្នេះ ទម្លុះកន្លែងមួយ ជនសង្ស័យលូនគេចទៅកន្លែងមួយទៀតដូចសត្វកណ្ដុរនៅក្នុងរន្ធដែរ ដែលនាំឲ្យសមត្ថកិច្ចជួបការលំបាកក្នុងការទម្លុះបេតុងតាមរក ។
ប៉ុន្តែយ៉ាងណា ទាំងសមត្ថកិច្ច ទាំងក្រុមជាង បានព្យាយាមស្វានទម្លុះថ្មបេតុង និងប្រព័ន្ធរហូតចាល់រន្ធដូចសត្វកណ្ដុរតែម្ដង ទើបជនសង្ស័យព្រមចេញប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់វ៉ៃខ្នោះ ។ បើតាមសមត្ថកិច្ចបានប្រាប់ថា ចាប់តាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោងប្រមាណ២រសៀលថ្ងៃដដែល ទើបក្របួចកជនម្នាក់នេះអូសចេញពីក្នុងរន្ធបាន ។
ក្រោយអូស.កជននេះចេញពីក្នុងលូ កម្លាំងជំនាញនៃអធិការក្រុងបាត់ដំបង បាននាំជននេះទៅសាកសួរហើយ តែគេមិនទាន់ដឹងឲ្យប្រាកដថា តើជននេះបានប្រព្រឹត្តអំពើ«ចោរកម្ម» អ្វីខ្លះនោះទេ ? តើប្រព្រឹត្តនៅកន្លែងណាខ្លះ ? ប៉ុន្តែបើតាមសមត្ថកិច្ចគ្រាន់តែបង្ហើបឲ្យដឹងជាបឋមថា ជនសង្ស័យឈ្មោះ កូ នេះបានលួចយកម៉ូតូគេ និងលួចយកទូរស័ព្ទគេ ហើយបើតាមព័ត៌មានពីកម្លាំងសម្ងាត់បានខ្សឹបប្រាប់ថា នៅពេលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនសួរនាំដំបូង មុនពេលរត់ចូលលូ ជននេះមានលាក់ទុកថ្នាំញៀនជាប់ខ្លួនទៀតផង តែប្រហែលបោះចោលនៅកន្លែងណា ពេលរត់រួចផុតពីកណ្ដាប់ដៃសមត្ថកិច្ច ។ មន្ត្រីជំនាញអធិការក្រុងបាត់ដំបង កំពុងសាកសួរជនសង្ស័យម្នាក់នេះ ដើម្បីចាត់ការតាមនីតិវិធីហើយ ៕