រដ្ឋបាលរាជធានីភ្នំពេញ សម្រេចប្រគល់ដីជាង ៤៣០០ម៉ែត្រការ៉េ ក្នុងសង្កាត់គោករកា កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីឲ្យសមាគម បំពេញការងារកាន់តែល្អប្រសើរថែមទៀត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចប្រគល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីអោយសមាគម បានបំពេញការងារកាន់តែល្អប្រសើរមួយកំរិតថែមទៀត។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលមន្និបាតនិងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានលើកឡើងថា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជាតំណាងប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិលើកិច្ចការងារបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ដូច្នេះដើម្បីឱ្យការងារកាន់តែល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចប្រគល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តនេះឡើង។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា សន្និបាតនេះមានគោលបំណងសរុបវាយតម្លៃ ពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់សមាគមក្រុមប្រឹក្សារាជធានី-ខេត្តសម្រេចបានកន្លងមក។ សមាគមក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងតាមរយៈអង្គសន្និបាតនាថ្ងៃទី២៧ និង២៨មីនាឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ ដោយគិតមកដល់ពេលនេះបានរយៈពេល១១ឆ្នាំហើយ។
ឯកឧត្ដមបានបន្តទៀតថា យើងបានបញ្ចប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានមតិ យោបល់ សំណើ និងសំណូមពរជាច្រើនពីប្រជាពលរដ្ឋមកដោះស្រាយ ជាមួយនឹងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យរីកចម្រើនបន្ថែមទៀត ដែលនេះពិតជាបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។
ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តបានមានប្រសាសន៍ថា មហាសន្និបាតនេះនឹងប្រព្រឹត្តទៅមានរយៈពេលមួយថ្ងៃកន្លះ ដោយមានការបោះឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។
ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងជាពិសេសគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាត នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។ ផ្អែកតាមមាត្រាទី៨នៃលក្ខន្តិកៈដែលបានកំណត់ថា មហាសន្និបាតសមាគមជាតិត្រូវរៀបចំឡើងរៀងរាល់៥ឆ្នាំម្តងនៅប្រទេសកម្ពុជា។ មហាសន្និបាតសមាគមជាតិសម្រាប់អាណត្តិទី៣នេះ មានគោលបំណងបូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី២ រយៈពេល៥ឆ្នាំកន្លងមក គឺឆ្នាំ២០១៩-២០២៤។ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ និងសមាជិកក្រុមប្រឹក្សា ជាតិរបស់សមាគមជាតិ។រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១ សម្រាប់អាណត្តិទី៣ របស់សមាគមជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្ដម ម៉ប់ សារិន បានថ្លែងអំណរគុណចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ដីក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងការបំពេញការងាររបស់សមាគម ដោយគ្រោងសាងសង់នៅក្នុងឆ្នាំ២០២៥នេះ និងបានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជាដែលបានបរិច្ចាគថវិកាចំនួន៣ម៉ឺនដុល្លារសម្រាប់ចូលរួមសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង