ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ២២០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
នៅថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេមេគង្គដែលមានទីតាំងស្ថិតនៅក្រោយវត្តសុទស្សនារាម (វត្តមាន់ដប់) ក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេបានធ្វើការសិក្សាលម្អិតគម្រោងការពារច្រាំងទន្លេមេគង្គបាក់ស្រុតនេះប្រវែង ២២០ម៉ែត្រ ហើយការអនុវត្តការសាងសង់ច្រាំងទន្លេដែលជាវិធានការចំពោះមុខនេះធ្វើឡើងជាពីរដំណាក់កាល គឺដំណាក់កាលទី១ ធ្វើការការពារជើងក្រោមដោយរៀបជាបាវខ្សាច់ប្រភេទGeotextile និងដំណាក់កាលទី២ ធ្វើការពង្រឹងច្រាំងផ្នែកខាងលើ បន្ទាប់ពីផ្នែកខាងក្រោមត្រូវបានពង្រឹងរួច។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក៏បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដូនជីតាជីប្រមាណ ១០០នាក់ នៅក្នុងបរិវេណវត្តមាន់ដប់ផងដែរ៕