ស្ត្រីលក់ភេសជ្ជៈតាមរទេះម្នាក់ ត្រូវជនដៃដល់វាយស..ម្លាប់ នៅចំណុចស្តុប២០០៤
ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ភេសជ្ជៈនិងទឹកសុទ្ធតាមរទេះម្នាក់ ត្រូវបានជនដៃដល់មិនស្គាល់មុខវាយសម្លាប់នឹងបំពង់ទីបរួចគេចខ្លួនបាត់ ខណៈពេលដែលនាងជិះម៉ូតូរ៉ឺម៉កមកឈប់រៀបចំលក់ដូរអោយកម្មករនៅមុខការដ្ឋានសំណង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២៤ នៅចំណុចស្តុបផ្លូវលេខ២០០៤ កែងផ្លូវលេខផ្លូវ ណតប្រីដក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ នាង ចិន្តា អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមតាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៥ព្រឹក គេឃើញស្ត្រីរូបនោះបានជិះរទេះម៉ូតូដឹកភេសជ្ជៈរបស់ខ្លួនមកឈប់នៅមុខការដ្ឋានសាងសង់ធនាគារមួយកន្លែង ដែលស្ថិតនៅចំណុចស្តុបខាងលើ ខណៈពេលកំពុងតែរៀបចំកន្លែងលក់ដូរ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ទៅដោយដែកថ្នាំងអំពៅ មកធ្វើសកម្មភាពវាយទៅលើស្ត្រីរូបនោះ បណ្ដាឲ្យដួលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។ លុះក្រោយមកក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករដែលធ្វើដំណើរទៅធ្វើការ ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទាក់ទងទៅមន្ត្រីជំនាញចុះទៅត្រួតពិនិត្យ។
ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថាការវាយសម្លាប់ទៅលើស្ត្រីរងគ្រោះរូបនោះ បណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដឡើយ។
តាមព័ត៌មានឲ្យដឹងថា ជាទូទៅស្ត្រីរូបនោះតែងតែធ្វើដំណើរទៅលក់ដូរនៅចំណុចកើតហេតុខាងលើ។នៅព្រឹកថ្ងៃកើតហេតុមិនដឹងថាគាត់មានទំនាស់ឬមានបញ្ហាអ្វីនោះទេស្រាប់តែត្រូវបានជនដៃដល់មុខវាយសម្លាប់បែបនេះ ៕