ផ្ទុះរោងចក្រផលិតគ្រឿងផ្ទុះនៅប្រទេសតួកគី បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច១២នាក់ និងរបួស៤នាក់
ក្រុងអ៊ីស្តាន់ប៊ូល៖ មានហេតុការណ៍ផ្ទុះរោងចក្រផលិតគ្រឿងផ្ទុះនៅប្រទេសតួកគី បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច១២នាក់ និងរបួស៤នាក់។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកថ្លែងថាបន្តទៀតថានៅពេលនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេតសំណុំរឿងនេះហើយ។
នៅលើកញ្ចក់ទូរទស្សន៍ស៊ីអឹនអឹនជាភាសាតួកគី គេឃើញអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងឃើញផ្សែងខ្មៅងងឹតហុយទ្រលោមទៅអាកាស។ អគាររោងចក្រត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ដោយអានុភាពនៃកម្លាំងផ្ទុះដ៏ខ្លាំងក្លាបំផុត។ សាក្សីនិយាយថាហេតុការណ៍ផ្ទុះរោងចក្រដ៏កក្រើកព្រះធរណីនេះកើតឡើងនៅក្នុងភូមិខាវ៉ាឃ្លី (Kavakli) ខេត្តបាលីខេសៀ (Balikesir)។
អាជ្ញាធរមូលដ្ឋានបញ្ជាក់ថាករណីនេះកើតឡើងដោយឯកឯង និងគ្មាននរណាលួចដុតទេ។ អាជ្ញាធរបានបញ្ជូនកម្លាំងពន្លត់អគ្គិភ័យជាច្រើនកងឯកភាពដើម្បីចាត់ការទៅលើភ្លើងដែលបន្តឆាបឆេះ។ ចំណែកបុគ្គលិកសុខាភិបាល និងភ្នាក់ងារសន្តិសុខក៏បានចុះទៅដល់កន្លែងកើតហេតុផងដែរ។ ហេតុការណ៍នេះបង្កជាការរញ្ជួយដីទូទាំងទីក្រុងខូតេលី (Koteyli)។
ដំណឹងនេះបានលេចឮដល់ប្រធានាធិបតីតួកគីហើយ ហើយលោកបានបង្ហោះសារនៅលើបណ្ដាញអ៊ិចដើម្បីសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ជីវិតមនុស្ស១២នាក់នៅក្នុងហេតុការណ៍នេះ។ លោកចាត់ទុកជនរងគ្រោះទាំងនេះប្រៀបបាននឹងបងប្អូនរួមសុខ រួមទុក្ខជាមួយគ្នា។ លោកសូមជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយឡើងវិញ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីក៏បង្ហោះសារនៅលើបណ្ដាញអ៊ិចផងដែរថាអាជ្ញាធរបានចាត់តាំងគណៈកម្មការចំពោះកិច្ចដែលមានសមាសភាពមកពីក្រុមអ្នកជំនាញខាងវិស័យគីមី, មេកានិច, ការគ្រប់សុវត្ថិភាព និងវិស្វកម្មភូមិសាស្ត្រ។ ពួកគេមានភារកិច្ចស៊ើបអង្កេតសំណុំរឿងនេះឱ្យបានដិតដល់ដើម្បីចង់ដឹងថាតើហេតុការណ៍នេះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដ។ ឥឡូវនេះ អាជ្ញាធរកំពុងប្រមូលទិន្នន័យដើម្បីចង់ដឹងចំនួនមនុស្សពិតប្រាកដនៅក្នុងអគារនោះមានប៉ុន្មាននាក់៕