ផ្ទុះជម្លោះវាយតប់គ្នា នៅក្នុងវិទ្យាល័យទួលអំពិលរវាងសិស្សនិងសិស្ស ហើយបណ្ដាលឲ្យសិស្សប្រុសម្នាក់រងរបួស និងបង្កឲ្យមានការភ្ញាក់ផ្អើល
ភ្នំពេញ ៖ ក្រោយពីមានការផ្ទុះជម្លោះវាយតប់គ្នានៅក្នុងវិទ្យាល័យទួលអំពិលរវាងសិស្សនិងសិស្ស ហើយបណ្ដាលឲ្យសិស្សប្រុសម្នាក់រងរបួសនិងបង្កឲ្យមានការភ្ញាក់ផ្អើលរួចមក ។ កម្លាំងនគរបាលអធិការដ្ឋាន ខណ្ឌដង្កោបានទទួលពាក្យបណ្ដឹងសិស្សរងគ្រោះ និងធ្វើការស្រាវជ្រាវ ហើយនៅព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤ បានឈានដល់ការឃាត់ខ្លួនសិស្សដៃដល់ចំនួន៦នាក់នាំទៅធ្វើការសាកសួរ ។
សិស្សរងគ្រោះឈ្មោះ ភា សំភ័ស្ត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ចំណែកសិស្សដែលត្រូវនគរបាលឃាត់ខ្លួនទាំង០៦នាក់នោះរួមមាន៖ ១-ឈ្មោះ ជា ប៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ២-ឈ្មោះ សែម មករា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ៣-ឈ្មោះ រ៉ា ផាយ៉ុគ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ ។៤-ឈ្មោះ តាំង សុខបញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ៥-ឈ្មោះ រស់ សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ៦-ឈ្មោះ ដា វណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ រហូតមកដល់វេលារសៀលថ្ងៃដដែល លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោដោយមានការចូលរួមពីលោកវរសេនីយ៍ឯកសំវិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ។ សន្និសិទសារព័ត៍មាន ដោយបានអញ្ជើញអាណាព្យាបាលសិស្សទាំង២ភាគីជួបធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្តង ។
សូមជម្រាបជូនផងដែរថា កាលពី ថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២៤ មានការផ្ទុះជម្លោះវាយតប់គ្នារវាងសិស្សនិងសិស្សកើតឡើងនៅក្នុងនៅក្នុងវិទ្យាល័យទួលអំពិល ស្ថិតនៅក្នុងភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បណ្ដាលឲ្យសិស្សប្រុសរៀនថ្នាក់ទី៩ម្នាក់រងរបួស និងបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ហើយជម្លោះនេះត្រូវបានលោកអធិការនគរបាលខណ្ឌដង្កោប្រាប់ថា ក្មេងៗទាំង២ភាគីនេះ បានប៉ះពាក្យសម្ដីគ្នាបន្តិចបន្តួចនៅពេលម៉ោងចេញលេង រួចក៏បានវាយតប់គ្នាតែម្ដង ហើយឥឡូវបានសម្របសម្រួលគ្នាបញ្ចប់រឿងអស់ហើយ ។
ក្រោយពេលកើតមានហេតុការណ៍ វាយតប់គ្នាបែបនេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍ដង្កោនិងនគរបាលខណ្ឌដង្កោ ចុះទៅកាន់ទីនោះភ្លាមៗ និងបានទទួលពាក្យបណ្ដឹងសិស្សដែលរងរបួស ។ បន្ទាប់មកកម្លាំងបានធ្វើការស្រាវជ្រាវ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែធ្នូ ទើបឈានដល់ការឃាត់ខ្លួនសិស្សដៃដល់ចំនួន៦នាក់ នាំយកទៅសាកសួរនៅប៉ុស្តិ៍ដង្កោ ។
ក្រោយមកដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាប្រចាំខណ្ឌនិងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បានអនុញ្ញាតឲ្យលោកវរៈសេនីយ៍ឯក ជឹម ថា អធិការនគរបាលខណ្ឌដង្កោ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯកសំវិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ។លោកនាយកវិទ្យាល័យទួលអំពិល រួមទាំងលោកគ្រូអ្នកគ្រូប្រចាំថ្នាក់ និងអាណាព្យាបាលរបស់សិស្សជួបធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ហើយបានបញ្ចាប់រឿងរួចរាល់ហើយ ។
នៅក្នុងឱកាសនោះដែរលោកវរៈសេនីយ៍ឯក សំ វិច្ឆិកាបានស្នើឲ្យអាណាព្យាបាលសិស្សទាំងនោះជួយអប់រំកូនចៅឲ្យបានល្អ ចេះកែខ្លួនឈប់បង្កទំនាស់បន្តទៀត ។ ម្យ៉ាងទៀតធ្វើខ្លួនជាទំពាំងល្អ បញ្ឈប់បង្កបញ្ហា នៅក្នុងសាលា និងត្រូវតែកាត់សក់ឲ្យខ្លីព្រមទាំងស្លៀកពាក់ឲ្យបានស្អាតបាត ឲ្យសមជាសិស្សល្អនៅក្នុងសាលានិងសង្គមជាតិយើង៕