យោធាឈ្មោះ សុក ធា ធាក់ទម្លុះទ្វារចូលទៅវ៉ៃស្ត្រីមេម៉ាយម្នាក់ ដល់ក្នុងផ្ទះយ៉ាងព្រៃផ្សៃ បណ្ដាលឲ្យជនរងគ្រោះរងរបួសខៀវភ្នែកយ៉ាងធ្ងន់ធ្ងរ រួចព្យាយាមរត់គេចខ្លួន

(តាកែវ)៖ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះមកថា មានមន្ត្រីយោធាម្នាក់បានធាក់ទម្លុះទ្វាតចូលទៅវ៉ៃស្ត្រីមេម៉ាយម្នាក់ដល់ក្នុងផ្ទះយ៉ាងព្រៃផ្សៃធ្វើដូចជាប្រទេសអត់ច្បាប់ បណ្ដាលឲ្យជនរងគ្រោះរងរបួសខៀវភ្នែកយ៉ាងធ្ងន់ធ្ងរ រួចបានព្យាយាមរត់គេចខ្លួនបាត់ស្រមោល។

ចំពោះករណីនេះ បើតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា មន្រ្តីយោធាខាងលើ ឈ្មោះ សុក ធា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជា យោធា រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពី ថ្ងៃអាទិត្យ ទី២២ ខែ ធ្នូ ឆ្នាំ២០២៤ បានធ្វើសកម្មភាពធាក់ទម្លុះទ្វារដែកចូលទៅក្នុងផ្ទះស្ត្រីមេម៉ាយដែលជាជនរងគ្រោះឈ្មោះ សុឹង សារ៉ាត ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិពោធិ៍ខ្វិត ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្ត តាកែវ បានដាល់លើផ្ទៃមុខស្ត្រីរងគ្រោះ រួចបន្ទុលក្បាល និងចាប់អូសជនរងគ្រោះទៅក្រោយផ្ទះបណ្ដាលឲ្យរងរបួសដាច់រលាត់កែងដៃខាងស្តាំ ហើមរង្វង់ភ្នែកស្តាំ និងពកលើបន្ទូលក្បាល នៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
បើតាមប្រភពបានឲ្យដឹងទៀតថា ស្ត្រីមេម៉ាយរងគ្រោះ និងជនសង្ស័យ គឺជាអ្នកស្គាល់គ្នា និងធ្លាប់មានទំនាក់ស្នេហាជាមួយគ្នាថែមទៀតផង។ ចំពោះមូលហេតុដែលនាំឲ្យកើតអំពើហិង្សានេះ គឺបណ្ដាលមកពីទំនាស់ពាក្យសំដីគ្នា។
ពាក់ព័ន្ធករណីនេះ មន្ត្រីនគរបាលជំនាញបានខ្សឹបឲ្យ ដឹងដែរថា ករណីនេះ ជនបង្កបានឲ្យសាច់ញាតិរបស់ខ្លួនមកសម្របសម្រួលផ្សះផ្សារបញ្ចប់ ប៉ុន្តែខាងស្ត្រីរងគ្រោះបានទារសំណងជំងឺចិត្តយកទុកព្យាបាលខ្លួនចំនួន២០លានម៉ឺនរៀល។
ជុំវិញរឿងនេះ កម្លាំងសមត្ថកិច្ចជំនាញបានកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យនេះ និងកសាងសំណុំរឿងតាមនីតិវិធី បើក្នុងករណីជនរងគ្រោះមិនព្រមសម្របសម្រួលបញ្ចប់ជាសាច់ញាតិជនសង្ស័យ។
ទាក់ទិនករណីទាហានវ៉ៃស្ត្រីមេម៉ាយខាងលើនេះ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់បានឲ្យ បណ្ដាញសារព័ត៌មានយើងដឹងថា រឿងនេះ លោកតាមជាប់បន្ទាប់ពីលោកទទួលព័ត៌មានថា ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក។ លោកបន្តថា លោកបានណែនាំឲ្យលោកអធិការជួយពន្លឿនសម្របសម្រួលដោះស្រាយឲ្យបានលឿន ហើយលោកនឹងប្រាប់ឲ្យប្រធានស្ថាបនរបស់មន្ត្រីយោធាខាងលើ ឲ្យជួយសម្របសម្រួលឲ្យបានលឿនផងដែរ ប៉ុន្តែក្នុងករណី ជនរងគ្រោះមិនឯកភាពទទួលយកការសម្របសម្រួលដោះស្រាយទេលោកនឹងឲ្យជំនាញបញ្ជូនទៅតុលាការតែម្ដង។
មជ្ឍដ្ឋានបានលើកឡើងថា ខ្លួនធ្វើដល់មន្ត្រី បែរជាហ៊ានយកជើងធាក់ទ្វារផ្ទះ តាមវ៉ៃស្ត្រីដល់ក្នុងផ្ទះ សំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជួយដាក់ពិន័យ អនុវត្តន៍ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង