លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី បានជំរុញដល់ក្រុមការងារជំនាញគ្រប់ផ្នែកឱ្យពន្លឿនការរៀបចំបើកដំណើរការផ្លូវថ្មើរជើង ចាប់ពីមុខប្រៃសណីយ៍ ផ្លូវបក្សីចាំក្រុង ដល់រង្វង់មូល សម្តេចព្រះសង្ឃរាជជួនណាត
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី បានជំរុញដល់ក្រុមការងារជំនាញគ្រប់ផ្នែកឱ្យពន្លឿនការរៀបចំបើកដំណើរការផ្លូវថ្មើរជើង ចាប់ពីមុខប្រៃសណីយ៍ ផ្លូវបក្សីចាំក្រុង ដល់រង្វង់មូល សម្តេចព្រះសង្ឃរាជជួនណាត ឱ្យបានយ៉ាងយូរនៅចុងខែមករា សម្រាប់បម្រើដល់វិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការងាររៀបចំផ្លូវថ្មើរជើង (ផាប់ស្ទ្រីត) ជាមួយភាគីពាក់ព័ន្ធ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងរៀបចំផ្លូវថ្មើរជើង សម្រាប់បម្រើដល់វិស័យទេសចរណ៍នេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរជាយូរមកហើយ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែដោយសារស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះ ផ្អាកដំណើរការមួយឡែកសិន ប៉ុន្តែមកដល់ពេលនេះ បន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាលពីការជំរុញទាក់ទាញភ្ញៀវទេសចរ នៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរជំរុញ ការងារផ្លូវថ្មើរជើងនេះ ឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន ។
លោកបានបញ្ជាក់ ដើម្បីឱ្យគម្រោងនេះ បានដំណើរការដោយរលូន ជាជំហានដំបូង គឺបើកផ្លូវថ្មើរជើងនេះ ចាប់ពីរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ តុបតែងភ្លើងលម្អ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យ បានល្អ ដែលធានាថា គម្រោងនេះ នឹងប្រព្រឹត្តទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។
លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានសម្តែងការគាំទ្រ ចំពោះគម្រោងបើកផ្លូវថ្មើរជើងនេះ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់បម្រើដល់ការទាក់ទាញយ៉ាងល្អបំផុត សម្រាប់វិស័យទេសចរណ៍ ដោយសារតែរាជធានីភ្នំពេញ គឺជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ចនយោបាយ វប្បធម៌ ទេសចរណ៍ ហើយភ្ញៀវទេសចរជាច្រើន គឺមិនដែលរំលងរាជធានីភ្នំពេញឡើយ ។
លោកបញ្ជាក់ថា កន្លែងរៀបចំផ្លូវថ្មើរជើងនេះ គឺមានទីតាំងភូមិសាស្ត្រល្អ ដោយសារមានទន្លេ សួនច្បារយ៉ាងស្រស់ស្អាត មានអគារបេតិកភ័ណ្ឌ និងតំបន់ទេសចរណ៍សំខាន់ៗ ដូចជា សារៈមន្ទីរជាតិ និងព្រះបរមរាជវាំង ។
សូមបញ្ជាក់ថា គម្រោងផ្លូវថើ្មរជើង រាជធានីភ្នំពេញនេះ ត្រូវបានបែងចែកជាបីតំបន់ ដោយតំបន់ ទី១ មានទំហំជាង ៣ហិកតា នៅមុខប្រៃសណីយ៍ ដែលលាតសន្ធឹងពីផ្លូវបក្សីចាំក្រុង ដល់ផ្លូវព្រះស៊ីសុវត្ថិ ដល់ផ្លូវ១០៦ និងផ្លូវលេខ១៣ ។ តំបន់ទី២ គឺមានទំហំជាង២០ហិកតា គឺលាតសន្ធឹងពីផ្លូវលេខ១០៦ រហូតមកដល់ ផ្លូវលេខ១៥៤ មុខវត្តឧណ្ណាលោម ។ ហើយតំបន់ទី៣ មានទំហំផ្ទៃដីជាង៣០ហិកតា ដោយលាតសន្ធឹងពីសួន មាត់ទន្លេ សួនមុខវត្តបុទុមវត្តី រហូតដល់សួនច្បារសម្តេចតេជោហ៊ុនសែន ខណៈតំបន់៣នេះ គឺបើកដំណើរចរាចរណ៍ធម្មតា លើកលែងតែនៅតំបន់១ និងតំបន់២ គឺមិនអនុញ្ញាតឱ្យមានយានយន្តធ្វើចរាចរណ៍ឡើយ ៕