ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំ លើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសង្កេតសេវាកម្មឧតុនិយមហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន
នាថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសង្កេតសេវាកម្មឧតុនិយមហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវទីប្រឹក្សាក្រសួង និងជាតំណាងអចិន្រ្តៃយ៍ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងអង្គការឧតុនិយមពិភពលោក (WMO) លោកអគ្គនាយករង ប្រធាននាយកដ្ឋានឧតុនិយម នាយកដ្ឋានជំនាញ និងមន្រ្តីពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម សរុបចំនួន ១៤នាក់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យ និងកែសម្រួលទៅលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសង្កេតសេវាកម្មឧតុនិយមហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន លើការអភិវឌ្ឍវិស័យឧតុនិយមបម្រើដល់សេវាកម្មអាកាសចរស៊ីវិល ក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានស្នើដល់ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រី បន្តពិនិត្យ និងកែសម្រួលបន្ថែមទៀត ដើម្បីឱ្យខ្លឹមសារនៃសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា(MoU) នេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕