Pep ចេញមកបញ្ជាក់ថា Man City ទំនងជាអត់បានលេង Champions League រដូវកាលក្រោយ

(មេនឆេស្ទើ)៖ លោក Pep Guardiola បានថ្លែងឱ្យដឹងថា ក្រុមមេឃខៀវរបស់លោក បានឈានមកដល់មាត់ជ្រោះ ពីការអវត្តមានក្នុងពានរង្វាន់លំដាប់កំពូលអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលឆ្នាំ២០២៥-២៦ ខាងមុខ។
ក្រុមខ្លាំងរបស់អង់គ្លេសមួយនេះ ធ្លាប់បានឈ្នះជើងឯក UCL តែ ១លើកគត់កាលឆ្នាំ២០២៣ ដែលស្ថិតក្រោមការបង្វឹកដោយបុរសសញ្ជាតិអេស្ប៉ាញ Pep បន្ទាប់ពីបានត្រឹមរងជើងឯកកាលឆ្នាំ២០២១ កន្លងទៅ។
ពួកគេបានកំពុងឈរនៅលេខរៀងទី៧ ក្នុងលីគ Premier League រដូវកាលនេះ ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងដែរ ដែលស្ថិតនៅក្រៅតំបន់កៅអីលេងពាន UCL រដូវកាលក្រោយ។
បុរសវ័យ ៥៣ឆ្នាំ Pep បានថ្លែងក្នុងសន្និសីទ មុនប៉ះក្រុមស្ករគ្រាប់ Everton ក្នុងលីគនាយប់នេះថា «កន្លងមកខ្ញុំធ្លាប់បាននិយាយហើយ ប៉ុន្តែគ្រប់គ្នាបានសើច ដោយពួកគេថា មានកៅអីលេង UCL ពុំមែនជាជោគជ័យធំនោះទេ។ ខ្ញុំបានដឹងរួចទៅហើយថា កន្លងមកមានក្លិបជាច្រើននៅប្រទេសបានជួបប្រទះរឿងនេះ តាមរយៈលេង UCL ច្រើនលើកច្រើនសារ និងក៏អវត្តមានច្រើនសម័យកាលដូចគ្នាដែរ»។
ក្រុមរបស់លោក Pep អតីតជើងឯក Premier League ៤សម័យកាលជាប់ៗគ្នាចុងក្រោយនេះ ត្រូវបើកទា្វរកីឡដ្ឋាន Etihad របស់ខ្លួន ដើម្បីទទួលក្រុម Everton ក្នុងសប្តាហ៍ទី១៨ ជើងទី១ រាត្រីនេះនៅថ្ងៃ Boxing Day មុនបន្តធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Leicester City ៣ថ្ងៃបន្ទាប់ និងធ្វើម្ចាស់ផ្ទះទទួលក្រុមញញួរធំ West Ham នៅថ្ងៃទី៤ ខែមករាឆ្នាំថ្មី៕

អត្ថបទដែលជាប់ទាក់ទង