ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យជាក់ស្តែងទីតាំងដាក់ឧបករណ៍ចាំបាច់របស់ស្ថានីយ AWS និង AHS ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
នៅថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិរបស់ប្រទេសបារាំងដែលមានទីស្នាក់កណ្តាលនៅទីក្រុង Toulouse ប្រទេសបារាំង ចុះពិនិត្យជាក់ស្តែងទីតាំងដាក់ឧបករណ៍ចាំបាច់សម្រាប់ស្ថានីយឧតុនិយមស្វ័យប្រវត្តិ (AWS) និងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ (AHS) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
សូមជម្រាបថា បេសកកម្មចុះពិនិត្យទីតាំងជាក់ស្តែងនាពេលនេះមានការចូលរួមពីបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ចំណុះឱ្យក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីអង្គភាពគ្រប់គ្រងអនុវត្តន៍គម្រោងរបស់ក្រសួង និងប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ ព្រមទាំងក្រុមការងារបច្ចេកទេសបានជួបប្រជុំពិភាក្សាគ្នានៅសាលប្រជុំនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដើម្បីពិនិត្យលើផែនការការងាររបស់ក្រសួងសហការជាមួយនឹងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) និងបណ្តាដៃគូដទៃទៀត និងបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងដាក់ឧបករណ៍សំខាន់ៗរបស់ស្ថានីយឧតុនិយមស្វ័យប្រវត្តិ(AWS) និងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ (AHS) សម្រាប់បម្រើឱ្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា៕