ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១ពាន់នាក់

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១ពាន់នាក់៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតសាកលវិទ្យាល័យធនធានមនុស្ស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា សាកលវិទ្យាល័យធនធានមនុស្ស ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការបណ្តុះបណ្តាលសិស្សនិស្សិតឱ្យមានសមត្ថភាព ដែលជាកត្តាចាំបាច់ មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រ និងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តចូលរួមលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើងទៀត ដើម្បីរួមចំណែកដល់ការកសាង មូលធនមនុស្សឱ្យកាន់តែខ្ពស់ ដូចបានចង្អុលបង្ហាញដោយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រឹះស្ថានអប់រំគឺជាថ្នាលបណ្តុះធនធានបញ្ញាញាណ, បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះលក្ខណៈសម្បត្តិសមស្រប ដល់យុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរទ្រូង និង ជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគនៃការកសាងកំណើន សេដ្ឋកិច្ច ដែលពឹងផ្អែកលើចំណេះដឹង។ ជាពិសេស ត្រូវបណ្តុះបណ្តាលនិស្សិតឱ្យឆ្លើយតបតម្រូវការទីផ្សារការងារសម្រាប់ស្ថាប័នរដ្ឋ និង ឯកជន ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និង ទស្សនវិស័យអភិវឌ្ឍកម្ពុជាទៅស្របតាមចក្ខុវិស័យកម្ពុជា២០៥០។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់, ឱ្យតម្លៃខ្ពស់ និងផ្ដល់អាទិភាពដល់វិស័យ អប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់,មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតនវានុវត្តន៍ និង ការអប់រំអត្តចរិត ឱ្យក្លាយជាពលរដ្ឋល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់វប្បធម៌, អរិយធម៌, កិត្តិយស, កិត្យានុភាព និងមោទនភាពជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យអប់រំ រាជរដ្ឋាភិបាល បានបន្តអនុវត្តយុទ្ធសាស្រ្តកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ដោយកំណត់យកបញ្ចកោណទី១ ការអភិវឌ្ឍធនធានមនុស្ស ជាយុទ្ធសាស្រ្តអាទិភាព។ ជាពិសេស ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ប្រកបដោយសីលធម៌ និង សមធម៌ នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទាំងរដ្ឋ និង ឯកជន ដោយផ្ដោតលើចំណេះដឹង, បទពិសោធ ជំនាញបច្ចេកទេស ជំនាញវិជ្ជាជីវៈ សមត្ថភាពសហគ្រិនភាព, ការច្នៃប្រតិដ្ឋ, គុណធម៌ សីលធម៌,មនសិការស្នេហាជាតិ និង ស្មារតីទទួលខុសត្រូវ ដើម្បីតម្រង់ទិសឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវបានចាត់ទុកថា ជាកត្តាកំណត់ដ៏សំខាន់នៃសុខុមាលភាពសេដ្ឋកិច្ច និង សម្រាប់ ជំរុញកំណើនសេដ្ឋកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ចតាមរយៈយន្តការចំនួន៣ រួមមាន៖ ១) ការអប់រំបង្កើនមូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាពពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត, ២) ការអប់រំបង្កើនសមត្ថភាពក្នុង ការធ្វើនវានុវត្តន៍ ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹងសម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និង អភិវឌ្ឍផលិតផលថ្មី ដែលការណ៍នេះលើកកម្ពស់កំណើនសេដ្ឋកិច្ច, ៣) ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និង ចំណេះដឹងថ្មីៗដទៃ ទៀត ដែលកត្តាទាំងនេះជួយបង្កើនផលិតភាព និង ជំរុញកំណើនសេដ្ឋកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ធានា បាននូវសមត្ថភាពប្រកួតប្រជែងប្រកបដោយជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍នៃការកើនឡើងជាបន្តបន្ទាប់នៃសកលភាវូបនីយកម្ម ដែលជាតួអង្គដ៏សំខាន់ នៅក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច, ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ជាមួយសេដ្ឋកិច្ចសកលឱ្យកាន់តែប្រសើរ និង ការជំរុញពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឱ្យកាន់តែទូលំទូលាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបរិការណ៍កើនឡើងនៃបរិវត្តកម្មឌីជីថល, កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធានមនុស្ស ប្រកបដោយជំនាញខ្ពស់, គំនិតច្នៃប្រតិដ្ឋកម្រិតបច្ចេកទេសល្អ និងរបកគំហើញថ្មីៗ ដើម្បីធានាបាននូវសក្ដានុពលភាពប្រកួតប្រជែងជាអន្តរជាតិ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡានិង វិស័យឯកជន ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ចនិង សង្គម, ការប្រែប្រួលអាកាសធាតុ, ការប្រកួតប្រជែងនៃទីផ្សារការងារ និងសកលភាវូបនីយកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងវិស័យអប់រំ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលគ្រប់កម្រិតទាំងរដ្ឋ និងឯកជន, ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រងសាកលវិទ្យាល័យ, សាស្រ្តាចារ្យ និងសិស្ស-និស្សិត ឱ្យយកចិត្តទុកដាក់ខ្ពស់ចូលរួមលើកកម្ពស់ និងអភិវឌ្ឍគុណភាពអប់រំបណ្តុះបណ្តាល និង ការកសាង «វប្បធម៌គុណភាព» និងការផ្តល់តម្លៃលើ «គុណាធិបតេយ្យ » ដើម្បីធានាផលិតបាននូវធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ប្រកបដោយឧត្តមភាព, សមត្ថភាពវិជ្ជាជីវៈ, សីលធម៌ និង ការទទួលខុសត្រូវ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព តាមតម្រូវការរបស់ស្ថាប័ន និយោជក និង សង្គមជាតិទាំងមូល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាកលវិទ្យាល័យធនធានមនុស្ស បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និង គុណភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និង ជំរុញសកម្មភាពស្រាវជ្រាវ ដើម្បីឱ្យការផ្ទេរចំណេះដឹងដល់យុវជនជំនាន់ ក្រោយប្រកបដោយគុណភាព, ជាពិសេសត្រូវបន្តធ្វើទំនើបកម្មកម្មវិធីអប់រំឱ្យស្របតាមស្តង់ដា ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និង ស្តង់ដាអន្តរជាតិ ឱ្យឆ្លើយតបដោយប្រសិទ្ធភាពទៅនឹងទីផ្សារការងារ និងមុខរបរក្នុងបរិការណ៍ សេដ្ឋកិច្ច-សង្គមឌីជីថល, ស្របតាមចរន្តនៃការរីកចម្រើនជាប្រចាំនៃបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ និង បញ្ញាសិប្បនិម្មិត (AI)។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យ, សូមបន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍ជាក់ស្តែង ។ ការសិក្សាស្រាវជ្រាវនឹងជួយរួមចំណែកដល់ការប្រែក្លាយទ្រឹស្តីដែលបានសិក្សានៅក្នុងថ្នាក់រៀន ទៅជាការអនុវត្តជាក់ស្តែងនៅកន្លែងការងារ, ទាំងវិស័យសាធារណៈ និងឯកជន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ អាចជាធាតុចូលដ៏សំខាន់ សម្រាប់គោលនយោបាយសង្គម-សេដ្ឋកិច្ច ហើយលទ្ធផលទាំងនេះ ត្រូវបានលើកទឹកចិត្តឱ្យបោះពុម្ព ក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត, ជាពិសេសទស្សនាវដ្តីវិទ្យាសាស្រ្តក្នុងតំបន់ និងអន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ គិតគូររៀបចំកន្លែងតម្កល់ស្នាដៃស្រាវជ្រាវរបស់និស្សិត ដែលបានបញ្ចប់ការសិក្សា ដើម្បីទុកជាកន្លែងស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកឱ្យសិស្ស និស្សិតជ័យលាភីទាំងអស់ ដែលជាអ្នកបន្តវេនរបស់ប្រទេសជាតិ ត្រូវបន្តការប្តេជ្ញាចិត្តលះបង់ខ្ពស់ និងចូលរួមចំណែកឱ្យសកម្ម ក្នុងការថែរក្សាការពារសុខសន្តិភាព, កសាងសមិទ្ធផល, ស្នាដៃ និងចូលរួមអភិវឌ្ឍប្រទេសជាតិ, ជាពិសេសត្រូវស្ថិតនៅឱ្យឆ្ងាយពីការឃោសនា, ការអូសទាញ, ល្បិចកល់, ញុះញង់, ការបំបែកបំបាក់របស់ជនអគតិ និង ក្រុមប្រឆាំងឱ្យបានជាដាច់ខាត ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ជ័យលាភីទាំងអស់ នឹងបន្តអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាបញ្ញាជនដ៏មានសក្តានុពល, ជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អ ប្រកបដោយសមត្ថភាព, មនសិការវិជ្ជាជីវៈ, ការទទួលខុសត្រូវ,ក្រមសីលធម៌ល្អ និង ដាក់ខ្លួនបម្រើការងារដោយភាពស្មោះត្រង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់គ្នាសុទ្ធតែមានសិទ្ធិស្រឡាញ់ និងការពារជាតិមាតុភូមិ ប៉ុន្តែមិនត្រូវធ្វើសកម្មភាព ដែលនាំឱ្យជាតិមានជម្លោះ ឬការបែកបាក់ណាមួយនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យន្តការការពារជាតិមាន៣ គឺប្រឹងប្រែងចរចាកំណត់ព្រំដែនឱ្យច្បាស់, បោះបង្គោលព្រំដែន និងការអភិវឌ្ឍន៍តាមតំបន់ព្រំដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីសម្តេចមិនស្រែកតាមហ្វេសប៊ុក មិនមែនរាជរដ្ឋាភិបាលមិនការពារបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានធ្វើរាល់ថ្ងៃលើកិច្ចការបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណុំរឿងបាញ់ប្រហារប្រព្រឹត្តដោយ ស្រី ស៊ីណា ជាករណីដំបូងហើយ ដែលសំណងទឹកប្រាក់ មានដល់ ២លានដុល្លារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសចាត់វិធានការតឹងរឹងដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង។ សម្តេចកំពុងពិចារណាឱ្យពិនិត្យដាក់ទោសក្រុមក្មេងទំនើងរាប់ចាប់ពីការដាក់ដាវសាំម៉ូរ៉ៃតាមម៉ូតូ ក៏ដូចជាការអួតតាមបណ្តាញសង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យធ្វើវិសោធនកម្មច្បាប់ ដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទូចដល់អាណាព្យាបាលយកចិត្តទុកដាក់អប់រំកូន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖០៦នាទី នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤, ៕

អត្ថបទដែលជាប់ទាក់ទង