សម្តេចធិបតី ៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដោយសង្កត់ធ្ងន់ថា ការសម្រេចកាត់ទោសលោក ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងសងសំណពង ២លានដុល្លារ ទៅកាន់គ្រួសារជនរងគ្រោះ គឺជាករណីទី១នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សហ៊ានប្រព្រឹត្តអំពើបែបនេះតទៅទៀត ។
ក្នុងឱកាសអញ្ជើញ ប្រគល់ “វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបនឹងសាធារណមតិ ដែលសង្ស័យថា អាចនឹងមានការលួចលាក់ដោះលែងជនបង្ក ដែលមានងារជាឧកញ៉ានោះថា ប្រព័ន្ធតុលការ មិនអាចចេះតែយកនីតិវិធី នៃការដោះស្រាយ មកបង្ហាញនៅលើបណ្តាញសង្គមរហូតនោះទេ ។
សម្តេចធិបតី ក៏សម្ដែងនូវក្ដីសង្ឃឹមថា ការកាត់ទោសករណីឧកញ៉ា ស្រី ស៊ីណា ជាសារដាស់តឿនដ៏សំខាន់មួយ សម្រាប់ឱ្យមនុស្សទាំងឡាយ កុំឱ្យប្រព្រឹត្តអំពើបែបនេះតទៅទៀត ៕