ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយសូមឪពុកម្តាយ អាណាព្យាបាល ចូលរួមខិតខំសហការ ពិសេសអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុងសង្គមជាតិរបស់យើង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី១៩, ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និងសិស្សថ្នាក់វិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កន្លងទៅ សមត្ថកិច្ច និងកងកម្លាំងជំនាញទូទាំងប្រទេសបានចុះប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្មេងទំនើងបានចំនួនជាង ២ពាន់នាក់ ដែលមានជិត ៧០០ករណី ហើយកំពុងត្រូវបានអនុវត្តទោសយ៉ាងតឹងរឹង និងហ្មត់ចត់។ ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយសូមឪពុកម្តាយ អាណាព្យាបាល ចូលរួម និងខិតខំសហការ ពិសេសចូលរួមអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុងសង្គមជាតិរបស់យើង។
ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា ស្ថាប័នអនុវត្តច្បាប់បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តខុស និងបានបង្កផលប៉ះពាល់ដល់សង្គមជាតិ ពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងករណីឃាតកម្ម ដែលបានប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា គឺត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ចំនួន៣១ឆ្នាំ និងជាលើកទី១ ដែលគ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងមួយគ្រួសារ ទទួលបានសំណង ១លានដុល្លារ ហើយជនរងរបួសធ្ងន់ម្នាក់ទទួលបានសំណង ៣០ម៉ឺនដុល្លារ និងជនរងរបួសស្រាលម្នាក់ទទួលបានសំណង ២០ម៉ឺនដុល្លារ ផងដែរ។ នេះសបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់របស់ស្ថាប័នអនុវត្តច្បាប់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក៏បង្ហាញទៅសាធារណជន កុំយកគំរូតាមករណីដែលបានកើតឡើងនេះ, ជាពិសេសជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលខិតខំស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងចំពោះសិស្ស និស្សិតជ័យលាភីទាំងអស់ ក៏ដូចជាសាធារណជន ថា រឿងស្រលាញ់ជាតិ, ការពារជាតិបូរណភាពទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ, តែសកម្មភាពនៃការបារម្ភ, ការស្រលាញ់ និងការពារជាតិ យើងត្រូវអនុវត្តតាមគោលការណ៍ ៣ ដែលរាជរដ្ឋាភិបាល បានកំណត់កន្លងទៅ៖ ១/ ចរចារបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់តាមគោលកាណ៍ និងច្បាប់អន្តរជាតិ, ២/ បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍតំបន់ព្រំដែន និង ៣/ ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន និងការពារជាតិ។ រឿងដែលយើងបារម្ភបំផុត គឺអរិភាពរវាងប្រជាជននិងប្រជាជន ដូចនេះទើបរាជរដ្ឋាភិបាល ជ្រើសរើសមិនឆ្លើយឆ្លងតាមហ្វេសប៊ុក តែមិនមែនបញ្ជាក់ថារដ្ឋាភិបាលមិនបានការពារជាតិ, ការពារទឹកដី, មិនថែរក្សាអធិបតេយ្យជាតិ នោះទេ តែអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ គឺខិតខំចរចារបោះបង្គោលព្រំដែន និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីពិតប្រាកដ និងបណ្តុះធនធានមនុស្សពិតប្រាកដក្នុងការដឹកនាំ និងកសាងជាតិឱ្យកាន់តែរឹងមាំ និងរីកចម្រើនតទៅមុខទៀត ក្រោមម្លប់នៃសុខសន្តិភាព និង ស្ថិរភាពយូរអង្វែងរបស់កម្ពុជា ៕