ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទស និងការសាងសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា នៅទូទាំងប្រទេសមានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ ទៀតគិតមកដល់ពេលនេះមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% អាងស្តុកទឹក និងអាងទឹកកំពុងដំណើរការចុះបញ្ជីមានចំនួន ២៧៣ ស្មើនឹង ១៧% និងអាងស្តុកទឹក និងអាងទឹកមិនទាន់បានចុះបញ្ជីមានចំនួន ១០៩២ ស្មើនឹង ៧០%។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពក្នុងការបន្តជំរុញការងារចុះបញ្ជីអាងស្ដុកទឹក និងអាងទឹកដែលមិនទាន់បានចុះបញ្ជីឱ្យបានឆាប់រហ័ស។
ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងការងារធ្វើបច្ចុប្បន្នភាពផែនទី និងបោះបង្គោលនៅតំបន់បឹងទន្លេសាប ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ទំហំផ្ទៃដីតំបន់ទាំងបី ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ខេត្តទាំង៦ រួមមាន៖ តំបន់១មានទំហំ ៤៣៦ ៨៧៩,១១ហិកតា តំបន់២មានទំហំ ៤១៣ ៤៨៨,០៨ហិកតា និងតំបន់៣មានទំហំ ៥៦១ ៦៣៤,៦០ហិកតា។ ក្នុងនោះការងារសង់បង្គោលព្រំតំបន់៣ គិតមកត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្រេចបាន ១០០% នៃបង្គោលសរុបចំនួន ១២២៤បង្គោល និងជំហ៊ានបន្ទាប់គឺឈានទៅបោះបង្គោលតំបន់២ ៕

អត្ថបទដែលជាប់ទាក់ទង