យុវជនស្ម័គ្រចិត្តជាង ៣០០០នាក់ ហាត់សមដង្ហែក្បួន ត្រៀមពិធី «សាទរកម្ពុជា» នៅថ្ងៃទី៣១ ខែធ្នូ
ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តជាង ៣០០០នាក់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានជួបជុំគ្នាធ្វើការហាត់សមក្បួនដង្ហែជាលើកទី២ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ពិធីសាទរកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ នៅខាងមុខព្រះបរមរាជវាំង។
ដោយឡែកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ១រសៀល ហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នឹងរៀបចំធ្វើការដង្ហែក្បួនថ្មើរជើងសាកល្បងចុងក្រោយ នៅមុនថ្ងៃប្រារព្ធពិធីទី៣១ ខែធ្នូ ដោយអនុញ្ញាតឱ្យ ប្រជាពលរដ្ឋទាំងអស់អាចចូលរួមដោយសេរី ដើម្បីត្រៀមលក្ខណៈឱ្យព្រឹត្តិការណ៍ “សាទរកម្ពុជា” ដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។
ដើម្បីឱ្យព្រឹត្តិការណ៍ “សាទរកម្ពុជា” ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដំណើរការនៃការរៀបចំ ដោយការដង្ហែក្បួនថ្មើរជើងសាកល្បងនឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាលមហោស្រពចតុមុខ) ចាប់ពីវេលាម៉ោង ១រសៀលរហូតដល់បញ្ចប់កម្មវិធី។
ចំពោះការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាលមហោស្រពចតុមុខ) និងកំណាត់វិថីឧកញ៉ាឈុន (ចាប់ពីភ្លើងស្តុបសាលមហោស្រពចតុមុខ រហូតដល់កែងមហាវិថីសម្តេចសុធារស) ចាប់ពីវេលាម៉ោង ១រសៀល រហូតដល់បញ្ចប់កម្មវិធី។
លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកចូលរួមនឹងមានយក្សល្ខោនបាសាក់ចំនួន២០០, ទីងមោង ឆៃយ៉ាំចំនួន៨៥ រួមនឹងស្គរទម្ងន់ ៣តោន និងក្បួនរថយន្តដង្ហែរ។
ជាមួយគ្នានេះ ក៏នៅមានកម្មវិធីដង្ហែ និងបង្ហូតទង់ជាតិ កម្មវិធីសម្ដែងទស្សនីយភាពចម្រុះ មានអ្នកចម្រៀងល្បីៗ៥៧រូប និងអ្នកសម្ដែង ៦២៥នាក់ និងទីតាំងដែលតុបតែងពោរពេញដោយការទាក់ទាញ និងកម្មវិធីឆ្លងឆ្នាំសកលជុំគ្នានិងកម្មវិធីកម្សាន្ត ជាច្រើនផ្សេងទៀត។
ក្បួនដង្ហែនេះនឹងនាំមកនូវអត្ថន័យជាក់លាក់នៃព្រឹត្តិការណ៍ “សាទរកម្ពុជា” គឺការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូលដែលក្នុងនោះតាមរយ:ការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» នឹងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់នៅថ្ងៃនោះ កម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិ៕