ឃា..ត់ខ្លួនជនស..ង្ស័យជាក្មេងទំនើង៦នាក់ ករណី ជិះម៉ូតូកាន់ដាវនិងកាំបិតអូស បង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរ

ខេត្តស្វាយរៀង:នគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៦នាក់ ករណីជិះម៉ូតូ កាន់ដាវនិងកាំបិតអូស បង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរ។
យោងតាមលោក សោមសុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងនារសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៤នេះថា ជនសង្ស័យជាក្មេងទំនើងមាន ទី១ ឈ្មោះដ.រ.យ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិកណ្តាលឃុំធ្លកស្រុកស្វាយជ្រំ។
២.ឈ្មោម.ស.រ.វ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករនៅភូមិចែងម៉ែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ។
៣.ឈ្មោះព.ម.រ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិបឹងឃុំអង្គតាសូស្រុកស្វាយជ្រំ។
៤.ឈ្មោះស.ភ.រ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិធ្លក ឃុំធ្លកស្រុកស្វាយជ្រំ។
៥.ឈ្មោះន.ស.ហ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិកណ្តាលឃុំធ្លក ស្រុកស្វាយជ្រំ។
និងទី ៦.ឈ្មោះម.ជ.វ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិបឹងគ្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ។
លោកបន្តថា កាលពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង១និង៣០នាទី រសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើង១ ក្រុមមានគ្នាប្រហែល៥នាក់ទៅ៦នាក់ជិះម៉ូតូចំនួន៣គ្រឿង បានជិះម៉ូតូកាន់ដាវនិងកាំបិតអូសបណ្តោយថ្នល់ពីទិសខាងត្បូងទៅទិសខាងជើងបានចំងាយ៥០០ម៉ែត្ររួចហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
ពេលទទួលបានព័ត៌មានកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពោធិរាជ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ស្ទាក់តាមគោលដៅប្រទាក់ក្រឡានីមួយៗ បន្ទាប់មកសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានចំនួន៦នាក់ នៅចំណុចកញ្ចុះលក់ដូរដងព្រែកស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏នាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរ។
នៅចំពោះ មុខ ក្មេងទំនើងទាំង៦នាក់ បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង១រសៀល បក្សពួកខ្លួន បានបបួលគ្នាជិះម៉ូតូចំនួន៣គ្រឿងបានដាក់ដាវនិងកាំបិតកាកុកក្នុងកែបម៉ូតូជិះចេញពីឃុំធ្លក ស្រុកស្វាយជ្រំ ជិះម៉ូតូទៅដើរលេងនៅក្នុងក្រុងស្វាយរៀងរហូតដល់ម៉ោង១និង៥០នាទីរសៀល ទើបបបួលគ្នាជិះម៉ូតូចេញពីក្រុងស្វាយរៀងវិញ រហូតមកដល់ចំណុចលើថ្នល់ស្ថិតនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ក៏កាន់ដាវនិងកាំបិតអូសតាមបណ្តោយថ្នល់បានចម្ងាយប្រហែល១៥០០ម៉ែត្រ ក៏ឈប់អូសក៏ជិះម៉ូតូទៅដល់ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ក្រុមបក្សពួកខ្លួនក៏កាន់ដាវនិងកាំបិតអូសលើថ្នល់ម្តងទៀតបានចម្ងាយប្រហែល៥០០ម៉ែត្រទើបឈប់បាននាំគ្នាជិះម៉ូតូចូលផ្ទះ។
បន្ទាប់មកក៏យកដាវនិងកាំបិតដាក់ក្នុងកែបម៉ូតូបបួលគ្នាជិះម៉ូតូដើរលេងទៅកញ្ចុះលក់ដូរដងព្រែកស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ពេលក្រុមបក្សពួកខ្លួនកំពុងអង្គុយលេង ស្រាប់តែសមត្ថកិច្ចមកដល់បានឃាត់ពួកខ្លួនទាំង៦នាក់និងដកហូតវត្ថុតាងកាំបិតនិងដាវនៅក្នុងកែបម៉ូតូរបស់ពួកខ្លួន។
ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់មុខសញ្ញាក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងទាំង៦នាក់នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។ រហូតដល់ ថ្ងៃទី២៦ខែធ្នូឆ្នាំ ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបញ្ជូនក្រុមក្មេងទំនើងទៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង