បារីចំនួន ២៥ យីហោ ដែលសរុបជាង ៦ ម៉ឺនកញ្ចប់ លួចឆ្លងដែនតាមច្រករបៀងចេញពីទឹកដីខេត្តបាត់ដំបង ចូលទៅក្នុងទឹកដីថៃ ដើម្បីគេចពីការបង់ពន្ធ ដែលមានឈ្មួញធំម្នាក់ប្រចាំនៅស្រុកសំពៅលូន តែងតែប្រកបមុខរបស់នេះ ឥឡូវត្រូវភាគីថៃចាប់ហើយ
បង្ក្រាបបទល្មើសគេចពន្ធនេះ បានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវពីច័ន្ទបុរី ទៅកាន់ខេត្តស្រះកែវ ដែលធ្វើឡើងដោយយោធាវីរៈការពារព្រំដែនគោក លេខ១៣ សហការជាមួយកម្លាំងអធិការតម្រួតស្រុកវុាំងសុំប៊ូន និងកម្លាំងជំនាញខេត្តស្រះកែវ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍រួចមក។
ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចផ្លូវបែកជាបួន ក្នុងឃុំវុាំងម៉ៃ ស្រុកវ៉ាំងសុំប៊ូន ខេត្តស្រះកែវ ដោយនៅពេលនោះដែរ រថយន្តដែលជាមុខសញ្ញាបានបង្ហាញខ្លួន គឺម៉ាក toyota ពណ៌ស ពាក់ស្លាកលេខ ២២៤០ នៅពេលដែលឃើញបែបនេះកម្លាំងសមត្ថកិច្ចថៃ បានធ្វើការបញ្ជាឱ្យរថយន្តនោះឈប់ដើម្បីត្រួតពិនិត្យ។
ដោយនៅក្នុងរថយន្តមានមនុស្សពីរនាក់ ដែលពួកគេសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តច័ន្ទបុរី ចំណែកទ្រុងខាងក្រោយរថយន្តគឺគេបានផ្ទុកទំនិញយ៉ាងខ្ពស់ដែលគ្របដណ្ដប់ដោយតង់ក្រណាត់ពណ៌ខ្មៅ ក្នុងគោលបំណងបិទបាំងពីភ្នែកសមត្ថកិច្ច។ លុះនៅពេលសមត្ថកិច្ចចម្រុះបើកតង់ក្រណាត់នោះចេញ គឺសុទ្ធសឹងជាបារីទាំងអស់ហើយគ្មានឯកសារបង់ពន្ធ ឬឯកសារអនុញ្ញាតឱ្យនាំចូលនូវទំនិញប្រភេទនេះនោះឡើយ ៕