មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត
ភ្នំពេញ៖ ក្រោយផ្ទុះវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍នោះ បានលួចmemoryក្នុងរថយន្ត មន្រ្តីនាំពាក្យប៉ូលិសរាជធានីភ្នំពេញ ក៏បញ្ជាក់ថា ថ្នាក់លើ កំពុងស្រាវជ្រាវហើយ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ពាក់ព័ន្ធករណីនេះ ឧត្តមសេនីយ៍ឯក ជួន ណារិទ្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជារឱ្យមន្ត្រីជំនាញកោះមន្រ្តីប៉ូលិសចរាចរណ៍ទាំង៣រូបដែលរងការចោទប្រកាន់នោះ ទៅសាកសួររួចរាល់ហើយ ហើយបន្ទាប់មក សមត្ថកិច្ចនឹងបន្តហៅម្ចាស់រថយន្តទៅបំភ្លឺតាមក្រោយ ដើម្បីស្វែងរកការពិត ថាតើប៉ូលិសចរាចរណ៍ពិតជាលួចMemoryក្នុងរថយន្ត ឬក៏មិនមែន? អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះថា៖«ឯកឧត្តមស្នងការ កំពុងឱ្យមន្រ្តីជំនាញធ្វើការងារនេះហើយ»។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បុរសម្នាក់បើករថយន្ត Lexus 350 ពណ៌ស ត្រូវប៉ូលិសចរាចរណ៍ចាប់ផាកពិន័យ១លាន២០ម៉ឺនរៀល នៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារពិនិត្យឃើញស្លាកលេខមិនប្រក្រតី។ រំលងបានប៉ុន្មានថ្ងៃ ម្ចាស់រថយន្តបានបង្ហោះតាមបណ្តាញសង្គមចោទប្រកាន់ទៅលើសមត្ថកិច្ចចរាចរណ៍ឈរគោលដៅដដែលនេះថាបានលួច Memory របស់ខ្លួននៅក្នុងរថយន្តតែម្ដង៕