បង្ក្រាបក្មេ..ងទំនើង ៦នាក់ ដែលកាប់ជនរងគ្រោះនៅសួនច្បារមាត់ស្ទឹងបណ្ដាលឲ្យរបួស, តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

(សៀមរាប)៖ នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសួនរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានជនល្មើសមួយក្រុមបានធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួស។
បន្ទាប់ពីទទួលបានព័ត៌មានករណីនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងកងរាជអាហត្ថខេត្តសៀមរាប ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់បានអត្តសញ្ញាណ និងធ្វើការនាំខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់ យកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង៦នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនទាំង០៦នាក់ និងបក្ខពួក ពិតជាបានធ្វើសកម្មភាព យកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ និងកាប់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយកាំបិតខ្វែវដែលធ្វើសកម្មភាពនេះ គឺពួកខ្លួនដាក់ជាប់ និងម៉ូតូស្រាប់។ មូលហេតុដោយសារ ក្រុមជនល្មើសខឹងជនរងគ្រោះយកដុំថ្ម គប់មកលើពួកខ្លួន ហើយថែមទាំងស្រែកប្រមាថរកកាប់ពួកខ្លួនមុន។
ក្រោយបញ្ចប់ការសួរនាំ ក្រុមក្មេងទំនើងទាំងអស់នេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ និងចៅក្រមស៉ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអំពាវនាវដល់យុវជនយុវនារីទាំងអស់ជៀសឆ្ងាយអំពីសកម្មភាពទំនើងគ្រប់រូបភាព ដែលបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងជាពិសេសចំពោះសន្តិសុខសុវត្ថិភាពចំពោះភ្ញៀវជាតិ និងអន្តរជាតិ ឲ្យបញ្ឈប់ជាបន្ទាន់ ព្រោះសមត្ថកិច្ចខេត្តសៀមរាប និងធ្វើការបង្ក្រាបដូចភ្លៀងរលឹម៕

អត្ថបទដែលជាប់ទាក់ទង