ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង
នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងប្រមាណ ៦០៧ហិកតា ជូនប្រជាពលរដ្ឋចំនួន ៤៤២គ្រួសារ ក្នុងឃុំមឿនជ័យ និងឃុំឆ្មា ស្រុករំដួល ខេត្តស្វាយរៀង ដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអន្តរាគមន៍កាយវះពោះប្រឡាយ និងអូរចាស់ចំនួន ៣ខ្សែ ប្រវែងប្រមាណ ២៥០០ម៉ែត្រ ដើម្បីនាំទឹកពីអាងទឹកវ៉ៃគោ មកជួយសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ។
ក្នុងថ្ងៃដដែល ឯកឧត្តមអគ្គនាយក និងក្រុមការងារបច្ចេកទេស ក៏បានចុះពិនិត្យស្ថានភាពទឹក និងការងារអន្តរាគមន៍ នៅតាមបណ្តាស្ថានីយបូមទឹក នៃប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រពសណ្ដទន្លេកំពង់ត្របែក ដែលមានទីតាំងលាតសន្ធឹងលើស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែងផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តព្រៃវែងឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលធ្វើស្រែប្រាំងត្រូវមើលបរិមាណទឹក កុំឱ្យធ្វើលើសផែនការ និងកុំធ្វើស្រែនៅតំបន់ឆ្ងាយពីប្រភពទឹក។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គនាយកបានស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយម រៀបចំផែនការបង្កបង្កើនផលស្រូវរដូវប្រាំងឱ្យបានច្បាស់លាស់ តាមបរិមាណទឹកដែលមានក្នុងអាងទឹក និងផែនការអន្តរាគមន៍លើការងារបង្កបង្កើនផលនៅតំបន់ដែលឆ្ងាយពីប្រភពទឹក និងក្នុងករណីការធ្វើស្រែប្រាំងលើសពីផែនការគ្រោងទុក។
សូមបញ្ជាក់ថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តព្រៃវែង បានជូនដំណឹងស្តីពីការប្រើប្រាស់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២៤-២០២៥ ដែលក្នុងនោះខេត្តស្វាយរៀងមានសមត្ថភាពស្រោចស្រពជាក់ស្តែងលើផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងទាំងពីរលើកបានប្រមាណ ២១ ២០៦ហិកតា ហើយផែនការគ្រោងធ្វើស្រែប្រាំងរបស់រដ្ឋបាលខេត្តមានចំនួនប្រមាណ ២០ ៥០០ហិកតា។ ចំណែកប្រព័ន្ធធារាសាស្ត្រខេត្តព្រៃវែង មានអាងទឹក តូចធំប្រមាណ ១១៨កន្លែង សម្រាប់បម្រើឱ្យការងារស្រោចស្រពរដូវប្រាំងលើផែនការបង្កបង្កើនផល ៧៥ ០០០ ហិកតា និងសមត្ថភាពស្រោចស្រពជាក់ស្តែងរដូវប្រាំងលើផ្ទៃដីប្រមាណ ៤៨ ៩២៨ ហិកតា៕