ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល(គ.រ.ឌ.)

នៅរសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
សូមជម្រាបថា ប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ១០០នាក់។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំលើកនេះក្នុងគោលបំណងធ្វើការត្រួតពិនិត្យមើលលើការបង្កើតឡើងនូវច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដែលច្បាប់នេះកំណត់អំពីគោលការណ៍ វិធាន និងយន្តការនៃការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលសម្រាប់បំណងដូចតទៅ៖ ទី១)លើកកម្ពស់កិច្ចការពារសិទ្ធិប្រធានទិន្នន័យ ដោយថ្លឹងថ្លែងអំពីតុល្យភាពនៃកិច្ចការពារសិទ្ធិប្រធានទិន្នន័យ និងតម្រូវការរបស់បុគ្គលគ្រប់គ្រងទិន្នន័យក្នុងការធ្វើធុរកិច្ច ឬសកម្មភាពរបស់ខ្លួន ទី២)ធានាការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលដោយមានការទទួលខុសត្រូវ និងតម្លាភាព ទី៣)គ្រប់គ្រងការផ្ទេរទិន្នន័យបុគ្គលឆ្លងដែនដោយធានានូវកិច្ចការពារសិទ្ធិប្រធានទិន្នន័យ និង ទី៤)រួមចំណែកបង្កើតឧស្សាហកម្មថ្មីក្នុងបរិបទនៃសេដ្ឋកិច្ច និងសង្គមឌីជីថល។
សូមបញ្ជាក់ថា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល((គ.រ.ឌ.) ត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល(ក.ស.ឌ.) លើការងារបច្ចេកទេស និងគោលនយោបាយនៅក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង