ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវដល់កងទ័ពទាំងអស់ បន្តការពារសន្តិភាព ទប់ស្កាត់បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆបោកតាមអនឡាញ និងបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនូវសមិទ្ធផលនានា និងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព និងជំនាញ របស់កងពលតូចថ្មើរជើងលេខ៣១។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា សមិទ្ធផលនាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរដល់ការអភិវឌ្ឍកសាងអង្គភាពឱ្យរីកចម្រើន ជាពិសេសយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់កងទ័ព និងគ្រួសារកងទ័ពទាំងអស់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា កងទ័ពរបស់យើង បានលះបង់យ៉ាងខ្លាំងក្លា ដើម្បីការពារជាតិមាតុភូមិ បូរណភាពទឹកដី ការពារអធិបតេយ្យជាតិ សុខសន្តិភាព និងសន្តិសុខសាធារណៈ ហើយកងទ័ពតែងតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ការរីកចម្រើនជាបន្តបន្ទាប់របស់អង្គភាព មិនអាចកាត់ផ្តាច់ចេញពីសុខសន្តិភាព បូកផ្សំជាមួយការចូលរួម និងគាំទ្រយ៉ាងស្មោះស្ម័គ្រពីសំណាក់កងទ័ពទាំងអស់ចំពោះរាជរដ្ឋាភិបាល។
ឆ្លៀតឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានកោតសរសើរ និងអបអរសាទរចំពោះយោធិនរបស់យើងទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្រេបជញ្ជាក់ចំណេះដឹង និងបានបញ្ចប់វគ្គហ្វឹកហ្វឺនជោគជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណដល់ដៃគូសម្ព័ន្ធមេត្រីភាពជាមួយកងពល រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន ឡុង ស្រេង ចម្ការកៅស៊ូបឹងកេត និងសប្បុរសជនទាំងអស់ដែលតែងតែចូលរួមចែករំលែកដក្នុងការអភិវឌ្ឍអង្គភាព។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត សូមកងទ័ពទាំងអស់ បន្តចូលរួមការពារសន្តិភាព ទប់ស្កាត់បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆបោកតាមអនឡាញ និងបទល្មើសធនធានធម្មជាតិជាដើម ៕

អត្ថបទដែលជាប់ទាក់ទង