សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ, ទេសរដ្ឋមន្ត្រី គន់ គីម ដាក់ចេញអនុសាសន៍ណែនាំបន្ថែម ៩ចំណុចសំខាន់ៗ

(ឧត្តរមានជ័យ)៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។ ដោយមានការចូលរួមពីសមាជិកក្រុមការងាររាជរដ្ឋាភិបាល រួមទាំងគណៈប្រតិភូ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត, មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដោយមានកិច្ចសហការគ្នាល្អជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តឧត្តរមានជ័យ បន្តយកចិត្តទុកដាក់លើកិច្ចការអាទិភាពមួយចំនួនដូចខាងក្រោម៖
១. ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ
២. ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
៣. ការគ្រប់គ្រងរដ្ឋបាលដែនដី
៤. ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
៥. ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន
៦. ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន
៧. ការគ្រប់គ្រងធនធានធម្មជាតិ
៨. ការចុះបញ្ជីដីធ្លី ៖ ចូលរួមអនុវត្តតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី ប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ និងចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដូចឆ្នេះខេត្តឧត្តរមានជ័យយើងត្រូវបញ្ចប់ការងារនេះឲ្យបានក្នុងឆ្នាំ២០២៥ ដើម្បីដោះស្រាយ និងបិទបញ្ចប់នូវបញ្ហានានា ឬទំនាស់ដែលពាក់ព័ន្ធនឹងដីធ្លី ដែលនឹងបង្កើតនូវលក្ខណៈអំណោយ ផលដល់សិទ្ធិកាន់កាប់ និងទាញយកផលប្រយោជន៍ពីដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងន័យនេះ សូមអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្តល់កិច្ចសហការ ការចូលរួម និងការគាំទ្រឱ្យ បានសកម្មថែមទៀតនៅក្នុងដំណើរការចុះបញ្ជីដីធ្លីនេះ និងជំរុញដំណើរការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ព្រមទាំងខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីនេះឱ្យបានលឿន និងមានប្រសិទ្ធភាព។
៩. ការពង្រឹងរបៀបរបបការងារ ដោយផ្ដោតទៅលើការយកចិត្តទុកដាក់ ។
បន្ថែមពីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត, គណ:អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពក្នុងខេត្ត, មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យ ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនគួរជាទីមោទន។
សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ គឺជាវេទិកាដ៏មានសារៈសំខាន់ថ្នាក់ខេត្ត ដែលនឹងផ្តល់ឱកាសជូន លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និបាត ពិសេសថ្នាក់ដឹកនាំមូលដ្ឋានចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងលើការងាររបស់រដ្ឋបាលខេត្ត ក៏ដូច ជាការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយឈ្លាសវៃ និងមុតស្រួចរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង