ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើប្រភេទកីឡាប្រដាល់សាកលឆ្នាំ២០២៤នេះ ហាក់បីដូចជាមានសកម្មភាពផុលផុសជាងបណ្ដាឆ្នាំមុនៗ

ភ្នំពេញ ៖ សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើប្រភេទកីឡាប្រដាល់សាកលឆ្នាំ២០២៤នេះ ហាក់បីដូចជាមានសកម្មភាពផុលផុសជាងបណ្ដាឆ្នាំមុនៗ ដោយសារបណ្ដាក្លិប ចំនួនកីឡាករ កីឡាការិនីចូលរួមច្រើនដោយកើនឡើង៥០ភាគរយ ។
នេះជាលើកទី១ហើយដែលសហព័ន្ធជំរុញឱ្យមានយុវជនចូលរួម ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេសត្រៀមឆ្ពោះទៅកាន់ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាលើកឡើងនៅក្នុងឱកាសបិទការប្រកួតជ្រើសរើសជើងឯកកីឡាប្រដាល់សាកលថ្នាក់ជាតិឆ្នាំ២០២៤នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមប៊ុយ សុភ័ណ្ឌ បានលើកឡើងថា ក្រោយការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាប្រកួតដាល់សាកលដែលបានប្រព្រឹត្តិទៅតាំងពីថ្ងៃទី២៣ ខែធ្នូ ដែលជាកម្មវិធីប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមមានការកត់សម្គាល់ឃើញថា ឆ្នាំនេះទាំងចំនួនក្លិប និងកីឡាករ កីឡាការិនីមានការកើនឡើងយ៉ាងខ្លាំង ហើយនេះក៏ជាជោគជ័យរបស់សហព័ន្ធផងដែរ ។ ក្នុងនោះកីឡាករ កីឡាការិនីមានចំនួន១៤៥នាក់ និងមានក្លិបចូលរួមចំនួន៣០កើនឡើង៥០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ឆ្នាំនេះសហព័ន្ធក៏បានបញ្ចូលប្រភេទវិញ្ញាសាយុវជនដែលជាកីឡាករថ្នាលឱ្យមានការចូលរួមប្រកួតផងដែរ។ សហព័ន្ធក៏មានការបន្ថែមនូវប្រាក់រង្វាន់លើសពីឆ្នាំមុន ដែលជាយុទ្ធសាស្រ្តថ្មីដើម្បិលើកទឹកចិត្តទៅដល់ពួកគាត់។
ឯកឧត្តមអគ្គលេខាធិការរូបនេះបានបន្តឱ្យដឹងទៀតថា ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃមកនេះ យើងសង្កេតឃើញថា ប្រភេទវិញ្ញាសាយុវជនមានកីឡាករល្អៗច្រើន ដូច្នេះសហព័ន្ធមានគោលដៅរួចហើយក្នុងការជ្រើសរើស ជំរុញការហ្វឹកហាត់ ពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែម ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥-២០២៧ ជាពិសេសព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមសង្ឃឹមថា អត្តពលិកកម្ពុជាយើងនឹងអាចដណ្ដើមយកមេដាយយ៉ាងច្រើនពីព្រឹត្តិ
ការណ៍ប្រកួតអន្តរជាតិនានា ជូនជាតិមាតុភូមិ។
ហេតុដូច្នេះហើយទើបអត្តពលិកដែលឈានមកដល់វគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះច្រើនជាងឆ្នាំមុនដែលមានរហូតដល់ទៅ២២គូក្នុងការប្រជែងដណ្ដើមយកមេដាយ ៕

អត្ថបទដែលជាប់ទាក់ទង