សម្តេចតេជោ ហ៊ុន សែន រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកថា ការទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀត នៅផ្ទះសម្តេច នាក្រុងតាខ្មៅ កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។
តាមបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចបានលើកឡើងថា «២៦ឆ្នាំមុនថ្ងៃនេះ ២៩ធ្នូ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន នួន ជា, អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំ ដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។
សម្តេចបានបន្តថា «ខ្ញុំសម្រេចទទួលខៀវ សំផន នួន ជា និងមេដឹកនាខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖
១. ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។
២. ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថាសង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។
៣. ផ្ញើសារទៅកាន់សហគមអន្តរជាតិសូមមកវិនិយោគនិងមកទេសចរនៅកម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។
នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)»៕