ករណីក្មេ..ងទំនើងជិះម៉ូតូដេញកាប់គ្នា យ៉ាងអនាធិបតេយ្យនៅស្រុកបាទី ខេត្តតាកែវ ដែលត្រូវចែកចាយខ្លាំងតាមបណ្តាញសង្គម កម្លាំងនគរបាលតាមបង្ក្រាបបាន ៨នាក់ ហើយ៥នាក់ទៀតកំពុងរត់គេចខ្លួន

(តាកែវ)៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានបង្ហាញមុខក្មេងទំនើង៨នាក់ ក្នុងចំណោមបក្ខពួកសរុប១៣នាក់ ក្រោយចាប់បានក្នុងករណីជិះម៉ូតូដេញកាប់ជនរងគ្រោះចំនួន៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់ កាលពីសប្តាហ៍មុន។
សូមបញ្ជាក់ថា កាលពីម៉ោង ២៖៥៦នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្ដតាកែវ មានហេតុការណ៍ក្រុមក្មេងទំនើងមួយក្រុម បានជិះម៉ូតូដេញកាប់ជនរងគ្រោះ ហើយវីដេអូដែលដេញកាប់គ្នានោះ ត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម។
ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម, កម្លាំងនគរបាលខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បើកការស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការចាប់ខ្លួនក្រុមជនល្មើសជាបន្តបន្ទាប់ចំនួន៨នាក់ ហើយនៅសល់បក្ខពួកចំនួន៥នាក់ទៀតកំពុងរត់គេចខ្លួន។
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថា ក្មេងទំនើងទាំងនេះ មុនធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះ គឺដោយសារតែក្រុមជនរងគ្រោះបានយកដុំថ្មគុបទៅលើបក្ខពួកក្រុមគេមុន ទើបក្រុមជនសង្ស័យជិះម៉ូតូ៦គ្រឿង មានគ្នា ១៣នាក់ដេញតាមកាប់ពីក្រោយវិញ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយកើតហេតុ និងមានការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដតាកែវ លោកបានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវឈានទៅបង្ក្រាបក្រុមក្មេងទំនើងបានជាបន្តបន្ទាប់សរុបចំនួន ៨នាក់ ក្នុងនោះមានជនដៃដល់ម្នាក់ និងអ្នកបើកបរម៉ូតូម្នាក់ ហើយ៥នាក់ទៀតជាបក្ខពួកចូលរួមធ្វើសកម្មភាពទៀតកំពុងគេចខ្លួន ហើយកម្លាំងសមត្ថកិច្ចជំនាញកំពុងតាមចាប់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ, ជនសង្ស័យទាំង៨នាក់នេះ មាន៥នាក់មានទីលំនៅខេត្ដតាកែវ និង៣នាក់ខេត្ដកំពង់ស្ពឺ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូបាន៥គ្រឿង ដាវ១ កាំបិតផ្គាក់១ និងសម្ភារមួយចំនួនទៀត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖
ទី១៖ ឈ្មោះ ស្រ៊ន សំណាង ហៅឃ្លែត អាយុ១៧ឆ្នាំ រស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ជនដៃដល់)
ទី២៖ ឈ្មោះ ងាំ តូ ហៅតូ អាយុ១៨ឆ្នាំ រស់នៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (អ្នកបើកម៉ូតូ)
ទី៣៖ ឈ្មោះ តក់ វណ្ណថេត ហៅថេត អាយុ១៧ឆ្នាំ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ
ទី៤៖ ឈ្មោះ ដៀប សុភ័ក្រ្ដ ហៅភក្រ្ដ អាយុ១៧ឆ្នាំ រស់នៅភូមិទួលត្បែង ឃុំព្រៃវិហា ស្រុកគងពីសី ខេត្តកំពង់ស្ពឺ
ទី៥៖ ឈ្មោះ សុគន្ធា ថេង អាយុ១៦ឆ្នាំ រស់នៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ
ទី៦៖ ឈ្មោះ អ៊ន បូរ៉ា ហៅយ៉ា អាយុ១៨ឆ្នាំ រស់នៅភូមិសំរោងខ្ពស់ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ទី៧៖ ឈ្មោះ មុំ សំណាង ហៅខ្មៅ អាយុ១៦ឆ្នាំ រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ទី៨៖ ឈ្មោះ សារីម បូរី អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ឃុំព្រះនិពាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (៦នាក់នេះជាបក្ខពួក)។
សម្រាប់ជនសង្ស័យទាំង៨នាក់ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្ដចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។
ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង