ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីនៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡាដ្ឋានជាតិមរតកតេជោ
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីនៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាទិវារំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។
ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» មានការប្រកួតរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់គុណខ្មែរ និងមួយគូទៀត រវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់ សហភាព សហព័ន្ធយុវជនកម្ពុជា។ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងមានការចូលរួមទាត់ពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ដោយផ្ទាល់មានដូចជា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឧបនាយករដ្ឋមន្ត្រី ស សុខា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗ និងវិដេអូទាំងស្រុងនៃសុន្ទរកថា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញជាអធិបតីនៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាទិវារំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនះសម្តេចពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» ដែលនេះជាលើកដំបូង ដែលយើងបានជួបជុំគ្នា ប្រារព្ធពិធីនេះឡើង បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចកាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ, ដោយកំណត់ជាផ្លូវការយកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំជា «ទិវាសន្ដិភាពនៅកម្ពុជា» ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាមានសេចក្តីរំភើបដោយបានឃើញវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ បងប្អូនជនរួមជាតិជាទស្សនិកជន ក៏ដូចជា ក្រុមកីឡាករទាំងបួនក្រុម ដែលជាតំណាងចូលរួមពីគ្រប់វិស័យ ដោយមានទាំងក្រុមយុវជន ស.ស.យ.ក, ក្រុមបាល់ទាត់តារាកម្ពុជា និង ក្រុមបាល់ទាត់គុនខ្មែរ ដែលបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស ឱ្យឃើញពីស្មារតីស្រឡាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព, ហើយនេះគឺបានរំលេចនូវអត្ថន័យ «កីឡារស់ក្នុងសន្តិភាព» ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បរិយាកាសដ៏អធិកអធម ជាមួយនឹងស្នាមញញឹមរបស់បងប្អូនជនរួមជាតិយើង នៅក្នុងពហុកីឡដ្ឋានមរតកតេជោនាឱកាសនេះ បានទាញអារម្មណ៍សម្តេច ឱ្យត្រឡប់ទៅរកអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន, នៅពេលដែលកម្ពុជាយើងបានរៀបចំការប្រកួតកីឡាស៊ីហ្គេម និង ប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលទទួលបានជោគជ័យជាមហិមា និង ការកោតសរសើរស្ញប់ស្ញែងពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិតណាស់ជោគជ័យរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែគឺអាស្រ័យដោយកត្តាចម្បងធំបំផុត គឺសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលយើងសម្រេច និង ថែរក្សាបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានលើកឡើងថា យុវជនខ្មែរសម័យនេះសំណាង ដែលអាចសប្បាយរីករាយក្នុងសន្តិភាព ខណៈដែលវេលាដូចគ្នានេះយុវជននៅកម្ពុជាកំពុងលេងកីឡាយ៉ាងសប្បាយរីករាយ ចំណែកយុវជននៅប្រទេសមួយចំនួនដូចជាអ៊ុយក្រែន កំពុងភិតភ័យជាមួយនឹងសង្ក្រាម ៕