លំអិតព័ត៌មាន! រថយន្តដឹកនាំអ្នកដំណើរជាគ្រូ-សិស្ស ៦៨នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំគិរីរម្យ តែមិនប៉ះពាល់ដល់ជីវិត
(កំពង់ស្ពឺ)៖ រថយន្តទេសចរណ៍១គ្រឿងដឹកនាំអ្នកដំណើរជាគ្រូនិងសិស្សចំនួន៦៨នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើឧទ្យានជាតិព្រះកុសុមៈ «គិរីរម្យ» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយសារនៅពេលចុះត្រឡប់មកវិញរថយន្តមានបញ្ហាដាច់ហ្វ្រាំង តែយ៉ាងណាហេតុការណ៍នេះមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរឡើយ គ្រាន់តែអ្នកបើកបរនិងជំនួយការអ្នកបើកបរ (ព្រូឡាន) សរុប២នាក់រងរបួសធ្ងន់-ស្រាល។
បើតាមលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ករណីរថយន្តទេសចរណ៍ជួបគ្រោះថ្នាក់នេះ ក្នុងពេលកើតហេតុ ពោលគឺនៅពេលចុះត្រឡប់មកវិញ រថយន្តមានបញ្ហាដាច់ហ្វ្រាំង ហើយបានរេចង្កូតធ្លាក់ផ្លូវរួចបានរេទៅអែមជ្រោះ និងបានបុកដើមឈើនៅចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ នៃខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈ «គិរីរម្យ» ភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីដឹងព័ត៌មាននេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ក៏បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍លើករណីគ្រោះថ្នាក់នេះភ្លាមៗ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត បានបន្តថា ក្នុងរថយន្ដមានមនុស្សប្រមាណ៦៨នាក់ ស្រី៤៣នាក់ ក្នុងរថយន្ដមានកូនសិស្សសាលា និងលោកគ្រូ អ្នកគ្រូ ដែលមកពីវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំពោះការខូចខាតគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សមិនមាននោះទេ ប៉ុន្តែរងរបួសស្រាល និងធ្ងន់ចំនួន២នាក់ គឺអ្នកប់កបរ និងព្រូរថយន្ត។
លោកអធិការនគរបាលបញ្ជាក់ថា មូលហេតុបង្កជាគ្រោះថ្នាក់នេះ ដោយសារពេលធ្វើដំណើរចុះពីលើភ្នំគិរីរម្យ មកដល់ចំណុចខាងលើ រថយន្ដមានបញ្ហាហ្រ្វាំងជាន់មិនជាប់ រួចអ្នកបើកបរបានព្យាយាមបុកលេខដើម្បីទប់ល្បឿន ចៃដន្យបានរេចង្កូតទៅផ្នែកម្ខាងផ្លូវនិងបុកដើមឈើ រួចទើបទប់ជាប់។
លោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានជួយសង្រ្គោះពីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលនាំមកដល់ខាងក្រោម ឃុំត្រែងត្រយឹង ដោយសុខសុវត្ថិភាពហើយ៕