ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរខេត្តបាត់ដំបងទទួលភ្ញៀវទេសចរ ជាង៩ម៉ឺននាក់ រយៈពេល២ថ្ងៃ

ភ្នំពេញ៖ បើតាមលោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា រយៈពេល២ថ្ងៃនៃព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៩ម៉ឺននាក់។
លោក ហម អរុណ គូសបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤-២០២៥ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខេត្តបាត់ដំបងទទួលបានភ្ញៀវជាតិ មានចំនួន ៣៨,៩៧៥ នាក់ មានការកើនឡើង ៣.៧១% បើធៀបឆ្នាំ២០២៣ មានចំនួន ៣៧,៥៨០នាក់,ភ្ញៀវអន្តរជាតិ មានចំនួន ៣២០ នាក់ មានការកើនឡើង ១១.៥០% បើធៀបឆ្នាំ២០២៣ មានចំនួន ២៨៧ នាក់និងភ្ញៀវទេសចរសរុប មានចំនួន ៣៩,២៩៥ នាក់ កើនឡើង ៣,៧៧ % បើធៀបឆ្នាំ២០២៣ មានចំនួន ៣៧,៨៦៧ នាក់។ចំណែកនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ទទួលបានភ្ញៀវជាតិ មានចំនួន ៥៣,៧៨៦ នាក់ មានការកើនឡើង ៤.១២% បើធៀបឆ្នាំ២០២៣ មានចំនួន ៥១,៦៦០ នាក់,ភ្ញៀវអន្តរជាតិ មានចំនួន ៣៣៨ នាក់ មានការកើនឡើង ៩.០៣ % បើធៀបឆ្នាំ២០២៣ មានចំនួន ៣១០ នាក់ និងភ្ញៀវទេសចរសរុប មានចំនួន៥៤,១១៤ នាក់ មានការកើនឡើង ៤,១៤ % បើធៀបឆ្នាំ២០២៣ មានចំនួន ៥១,៩៧០ នាក់។
លោក ហម អរុណ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនាថ្ងៃចុងក្រោយ និងកម្មវិធីសប្បាយផ្សេងៗទៀតក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។
សូមរំលឹកថា រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែររយៈពេល៣ថ្ងៃនៅបរិវេណមុខអគារសាលាខេត្ត ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ និងលើកកម្ពស់ការផ្សព្វផ្សាយផលិតផលខ្មែរ ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។អ្វីដែលកាន់តែពិសេសនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នឹងមានរប្រគុំតន្ត្រីខ្នាតធំ ការអុជកាំជ្រួច និងរាប់ថយក្រោយឆ្លងឆ្នាំដើម្បីអបអរសាទរការឈានចូលឆ្នាំថ្មីឆ្នាំសាកល៕

អត្ថបទដែលជាប់ទាក់ទង