ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល

សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក (Choi Sang-mok) បានអំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល នៅក្នុងសុន្ទរកថាឆ្នាំថ្មីមួយកាលពីថ្ងៃអង្គារទី៣១ ខែធ្នូឆ្នាំ២០២៤ ចំពេលមានវិបត្តិនយោបាយដែលមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយការប្រើច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី យូន ស៊ុកយ៉ុល។
លោក ឆយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដោយលើកឡើងពីការផ្លាស់ប្ដូរជុំវិញពាណិជ្ជកម្មសកល ការទូត និងសន្តិសុខ ក៏ដូចជាភាពមិនច្បាស់លាស់ខាងនយោបាយក្នុងស្រុកថា៖«សាធារណរដ្ឋកូរ៉េស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមករដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដំណើរការកិច្ចការរដ្ឋប្រកបដោយស្ថិរភាពលើគ្រប់វិស័យការពារជាតិ ការទូត សេដ្ឋកិច្ច និងសង្គម ដើម្បីប្រជាជនមានអារម្មណ៍ធូរស្រាល»។
លោក ឆយ បានបរិយាយថា រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងដើម្បីភាពសុខដុមរមនា និងឯកភាពជាតិ ដោយប្តេជ្ញាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយបក្សកាន់អំណាច និងគណបក្សប្រឆាំង ក៏ដូចជាមេដឹកនាំសង្គម ហើយលោកសុំការជឿទុកចិត្តពីប្រជាពលរដ្ឋ និងអាជីវកម្ម។
លោកបន្តថា សម្ព័ន្ធភាពជាមួយសហរដ្ឋអាម៉េរិកនឹងនៅតែរក្សាភាពរឹងមាំ ហើយរដ្ឋាភិបាលនឹងត្រៀមខ្លួនដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះរាល់កិច្ចការបរទេស សន្តិសុខ ឬបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករានេះ។
ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចឯណេះវិញ លោក ឆយ បាននិយាយថា រដ្ឋាភិបាលនឹងបង្កើតវិធានការគាំទ្រសម្រាប់អាជីវកម្មខ្នាតតូច និងអ្នកធ្វើការដោយខ្លួនឯងក្នុងលក្ខណៈទាន់ពេលវេលា ដើម្បីជំរុញតម្រូវការក្នុងស្រុក ខណៈកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ និងរូបិយបណ្ណបរទេស។
លោក ឆយ ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសបានក្លាយជាមេដឹកនាំស្តីទី បន្ទាប់ពីការទម្លាក់តំណែងនាយករដ្ឋមន្រ្តី ហាន ដុកសូ (Han Duck-soo) ដែលបានធ្វើជាប្រធានាធិបតីស្តីទីចាប់តាំងពីលោក យូន ត្រូវបានចោទប្រកាន់និងព្យួរពីអំណាចកាលពីថ្ងៃទី១៤ ខែធ្នូបន្ទាប់ពីការប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ។ ដោយបានកាន់តួនាទីជាច្រើនជាប្រធានាធិបតីស្តីទី នាយករដ្ឋមន្ត្រីស្តីទី ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ឆយ ក៏បានដឹកនាំក្រុមគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់កណ្តាលថ្នាក់រដ្ឋមន្ត្រីចាប់តាំងពីការធ្លាក់យន្តហោះដ៏សាហាវបំផុតនៅក្នុងប្រទេសកាលពីថ្ងៃអាទិត្យដែលបានសម្លាប់មនុស្ស១៧៩ នាក់៕

អត្ថបទដែលជាប់ទាក់ទង