ឯកឧត្តម សេង ឈួន ដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាពមន្រ្តីមួយចំនួននៅតាមស្ថានីយជញ្ជីងអចល័តចំនួន ៥ទីតាំង

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៤-២៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការដ្ឋាន បានដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបំពេញភារកិច្ចនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ៥ទីតាំង រួមមានស្ថានីយជញ្ជីងអចល័ត ព្រែកឯង រាជធានីភ្នំពេញ ស្ថានីយជញ្ជីងអចល័ត ក្រសាំង ខេត្តកណ្តាល ស្ថានីយជញ្ជីងអចល័ត ស្ទឹងច្រាល ខេត្តព្រះសីហនុ ស្ថានីយជញ្ជីងអចល័ត ប្រាសាទ ខេត្តកំពង់ធំ និងស្ថានីយជញ្ជីងអចល័ត ឃ្លាំងមឿង ខេត្តពោធិ៍សាត់។
គោលបំណងនៃការកែសម្រួលសមាសភាពមន្រ្តីនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលលើសទម្ងន់កម្រិតកំណត់ គឺដើម្បីពង្រឹងយន្តការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱកាសដល់មន្ត្រីអាចផ្លាស់ប្តូរ ចែករំលែកនិងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត។
ទន្ទឹមនឹងនេះ មន្ត្រីរបស់ក្រសួង ដែលបានកែសម្រួលផ្លាស់ទៅទីតាំងស្ថានីយថ្មី ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់បទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងត្រឹមត្រូវ តាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កើនសាមគ្គីភាព ពង្រឹងវិន័យ និងកិច្ចសហការឱ្យកាន់តែល្អរវាងអង្គភាពចម្រុះ ដែលបំពេញតួនាទីភារកិច្ចក្នុងស្ថានីយជញ្ជីង អចល័ត ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ រួមទាំងសេចក្តីណែនាំលេខ១២២ សណន.លគសអ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការពង្រឹងវិន័យ និងបែបបទអនុវត្តការងាររបស់មន្រ្តីស្ថានីយត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត។
ថ្លែងក្នុងពិធី ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់មន្រ្តីស្ថានីយដែលទើបកែសម្រួលថ្មីទាំងអស់ ឱ្យខិតខំអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ទាំងក្នុងស្ថានីយ និងជុំវិញស្ថានីយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវនាំយករថយន្តដឹកលើកទម្ងន់មកថ្លឹងនៅស្ថានីយ ឬក៏សហការជាមួយក្រុមត្រួតពិនិត្យចល័តចម្រុះរបស់ក្រសួង។ បន្ថែមលើសពីនេះ ឯកឧត្តម ក៏បានណែនាំ ដល់មន្រ្តីទាំងអស់ កុំប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួនក្នុងទីតាំងស្ថានីយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ ត្រូវសហការគ្នា និងប្រកាន់ខ្ជាប់តួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង