ដីកាកោះបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ចូលរួមសវនាការជាបន្ទាន់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ

ភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ បានចេញដីកាកោះបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ចូលរួមសវនាការជាបន្ទាន់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីដំណើរការលើសំណុំរឿងមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម លើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០២៤ ។
យោងតាមដីការកោះហៅនោះ បន្ទាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យលើសំណុំរឿងព្រហ្មទណ្ឌលេខ៥៥៧៨៣ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលមានជនជាប់ចោទឈ្មោះ រ៉ុង ឈុន ជាប់ចោទពីបទ «ការមិនរាងចាលក្នុងបទមជ្ឈិម» បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមលើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ តាមបទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។
ដីកាបានបង្គាប់ឱ្យលោក រ៉ុង ឈុន ជនជាតិខ្មែរ ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមក រា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅសាលសវនាការទី១ ជាន់ផ្ទាល់ដី ជាកំហិត ដើម្បីចូលរួមសវនាការ ។ ដីកាដដែល ក៏បានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ គឺមានលោក លិ សុខា ចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងអយ្យការ និងលោករឿង ម៉េងហួន ក្រឡាបញ្ជីសវនា ការ ។ នៅក្នុងដីកាកោះហៅបានបញ្ជាក់បន្ថែមថា សិទ្ធិរបស់លោក រ៉ុង ឈុន មានដូចជា ៖
.សិទ្ធិទទួលដឹងឮពីលិខិតចោទប្រកាន់ទោស និងដីកាកោះឱ្យចូលរួមសវនាកា
.សិទ្ធិបង្ហាញភស្តុតាង សំអាងសាក្សី និងធ្វើសំណូមពរផ្សេង ៗ
.សិទ្ធិប្តឹងបដិសេធចៅក្រមជំនុំជម្រះ
.សិទ្ធិការពារខ្លួនដោយខ្លួនឯង ឬពឹងមេធាវីឱ្យជួយការពារ
និងសិទ្ធិនិយាយសម្តីចុងក្រោយបង្អស់ ។
សូមរម្លឹកថា កាលពីខែសីហា ឆ្នាំ២០២១ លោក រ៉ុង ឈុន ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តរួមគ្នាចំនួន៤០០ លានរៀល ទៅកាន់គណៈកម្មាធិការព្រំដែនកម្ពុជា ។ ប៉ុន្តែដោយសារបុគ្គល រ៉ុង ឈុន នៅប្រព្រឹត្តបទល្មើសដដែលជាដដែល ទើបត្រូវជាប់ចោទបទ.មិនរាងចាលក្នុងបទមជ្ឍឹម នោះថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង