សារព័ត៌មាន CNN ចុះផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងគម្រោងស្ថាបត្យកម្មពិភពលោកទាំង១១ ក្នុងឆ្នាំ២០២៥
តាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១ ខែមករា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានដាក់ទៅក្នុង គម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ នៅក្នុងឆ្នាំ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានតែមួយគត់ ដែលស្ថិតក្នុងគម្រោងមួយនេះ។
«ជាមួយរចនាសម្ព័ន្ធរងឥទ្ធិពលពីការរចនាបែបប្រពៃណីខ្មែរ ដំបូលនៃអគារអាកាសយានដ្ឋាន ត្រូវបានរៀបចំដោយសំណង់ឈើ»។ សារព័ត៌មាន CNN បានចុះផ្សាយបែបនេះ នៅថ្ងៃទី១ ខែមករា។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F ដែលអាចទទួលយន្តហោះខ្នាតធំដូចជាយន្តហោះ Airbus A380-800 និង យន្តហោះ Boeing747-800 និងអាចទទួលភ្ញៀវទេសចរអន្តរជាតិ បានកាន់តែច្រើន ក្នុងមួយឆ្នាំៗ។
អាកាសយានដ្ឋានថ្មីនេះ ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មវិនិយោគទុននៅក្រៅប្រទេស (OCIC) ក្រោមទុនវិនិយោគ១៥០០លានដុល្លារអាម៉េរិក។ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងដាក់ឱ្យប្រើប្រាស់ នៅក្នុងខែកក្កដា ខាងមុខ។
គម្រោងស្ថាបត្យកម្មចំនួន ១១ផ្សេងទៀត មានដូចជា ផ្សារត្រី New Sydney នៅទីក្រុង Sydney អូស្រ្តាលី, សាលពិពណ៍ Grand Ring នៅអូសាកា ប្រទេសជប៉ុន, អគារ Life and Mind របស់សកលវិទ្យាល័យ Oxford, សាលារៀន Canadian School របស់ម៉ិកស៊ិក, ស្ថានីយដឹកជញ្ជូន South Station ក្រុង Boston នៅអាម៉េរិក, មជ្ឈមណ្ឌល Goethe-Institut របស់សេណេហ្កាល់, អគារ Urban Glen នៅទីក្រុង Hangzhou របស់ចិន, ស្ថានីយមេត្រូទីក្រុងរីយ៉ាដ, មជ្ឈមណ្ឌល Skypark របស់លុចសំបួរ និងស្ពាន Danjiang របស់តៃវ៉ាន់៕