ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ទទួលជួបសម្ដែងការគួរសម និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់បេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ប្រទេសអូស្រ្តាលី និងណូវែលសេឡង់

ភ្នំពេញ៖ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់បេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ប្រទេសអូស្រ្តាលី និងប្រទេសណូវែលសេឡង់ នៅទីស្ដីការក្រសួង។
ថ្លែងក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះបេក្ខជន និងបេក្ខនារីដែលជាប់អាហាររូបការណ៍ទាំងអស់ និងបានចែករំលែកនូវបទពិសោធន៍មួយចំនួនទាក់ទងនឹងការរស់នៅ និងការសិក្សារៀនសូត្រនៅក្រៅប្រទេស ក៏ដូចជាបានបង្ហាញអំពីសមិទ្ធផលការងារសំខាន់ៗមួយចំនួនរបស់ក្រសួងអធិការកិច្ច ជាពិសេសការដាក់ចេញនូវផែនការយុទ្ធសាស្រ្តទាំង៨ចំណុចរបស់ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីជាពុទ្ធិបន្ថែមដល់ការសិក្សារបស់ពួកគាត់។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យនិស្សិតទាំងអស់ត្រូវខិតខំថែរក្សាសុខភាព ប្រឹងប្រែងរៀនសូត្រ និងក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសអូស្រ្តាលី និងប្រទេសណូវែលសេឡង់ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនបន្ថែម ដើម្បីអាចឈានទៅបម្រើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន ជាពិសេសក្នុងពេលអនាគតឱ្យកាន់តែប្រសើរ ប្រកបដោយចំណេះ ជំនាញ និងបទពិសោធពិតប្រាកដ ទៅតាមជំនាញរៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង