ឯកឧត្តម ងុយ រិទ្ធ ៖ ការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស បង្ហាញពីការរីកចម្រើនលើវិស័យការងារនៅកម្ពុជា
ភ្នំពេញ៖ ការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស បង្ហាញពីការរីកចំរើនលើវិស័យការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផលិតកម្ម រោងចក្រស៊ិដស៍ ហ្កាមេន ខេមបូឌា ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងពិធីសម្ពោធនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ពីសំណាក់និយោជក សហជីព និងបណ្តាភាគីពាក់ព័ន្ធដ៏ទៃទៀតនៅក្នុងរោងចក្រសហគ្រាស គឺជាកត្តាមួយយ៉ាងសំខាន់សម្រាប់ធ្វើឱ្យសហគ្រាសមួយមានផលិតភាព និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈល្អប្រសើរដែលអាចឈានដល់ការពង្រីកអាជីវកម្ម បង្កើតឱកាសការងារជាច្រើនកន្លែងបន្ថែមទៀតដល់ពលរដ្ឋកម្ពុជា។ ដែលទាំងនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត។
ឯកឧត្តមរដ្ឋលេខាធិការមើលឃើញថា ការរីកចម្រើនរបស់រោងចក្រ ស៊ិដស៍ ហ្កាមេន ខេមបូឌា ក៏ជាផ្នែកមួយយ៉ាងសំខាន់បានមកពីការគោរពបាននូវលក្ខខណ្ឌការងារ និងការផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តិរបស់កម្ពុជា ដែលទាំងនេះហើយធ្វើឱ្យទំនាក់ទំនងរវាងថៅកែ និងកម្មករ មានភាពល្អប្រសើរ ធ្វើការងារប្រកបដោយភាពរីករាយដូចគ្រួសារតែមួយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំដែងនូវការអបអរសាទរទៅដល់កម្មករនិយោជិតទាំងអស់ បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្តចាប់ពីខែមករា នេះតទៅ។ គោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីអត្ថប្រយោជន៍ជាច្រើនទៀតដែលកម្មករនិយោជិតទទួលបាន ជាពិសេសផ្នែកកិច្ចគាំពារសង្គម ដែលរាជរដ្ឋាភិបាលកំពុងដុតដៃដុតជើង ហើយក្លាយទៅជាបង្អែកមួយដ៏មានតម្លៃសម្រាប់សុខុមាលភាពរបស់កម្មករនិយោជិត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការផ្តល់អត្ថប្រយោជន៍នោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលតែងនៅជិតកម្មករជានិច្ច។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការលើវិស័យការងារ តែងតែចុះសួរសុខទុក្ខ ដល់កម្មករជាញឹកញាប់ផងដែរ។ ឯកឧត្តមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសនិយោជក សហជីព ត្រូវគិតគូរផលប្រយោជន៍កម្មករនិយោជិតជាធំ និងត្រូវអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់របស់រដ្ឋជាធរមាន៕